Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​គុណភាព ការសាងសង់​ពង្រីក​ផ្លូវជាតិ​លេខ​៥ ថា​តើ​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក ដែល​បានកំណត់​ដែរ​ឬ​យ៉ាងណា​

spot_img

​ភ្នំពេញ​៖ ថ្ងៃ​ពុធ ទី​២៧ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ពិនិត្យ​គុណភាព​នៃ​ការសាងសង់​ពង្រីក​ផ្លូវជាតិ​លេខ​៥ ដោយមាន​ការ ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន ត្រួតពិនិត្យ​បច្ចេកទេស និង ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​គុណភាព​នៃ​ការសាងសង់​ថា​តើ​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក​ដែល​បានកំណត់​ដែរ​ឬ​យ៉ាងណា ដើម្បី​ធានា​ដល់​ការប្រើប្រាស់​បានយូរ​អង្វែង តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន​ខួង​ពិនិត្យមើល​ស្រទាប់​គ្រឹះ​។​

​គួរ​កត់សម្គាល់ថា​៖ គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ គឺជា​គម្រោង​ក្រោម​កម្ចី​ឥណទាន សម្បទាន​ពីរ​ដ្ឋា​ភិ បាលជ​ប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​ផ្តើម សាងសង់​ចេញ ពី​ព្រែក​ក្តាម រហូតដល់​ក្រុង​ប៉ោយប៉ែត ឆ្លងកាត់​ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មាន​ប្រវែង​សរុប​៣៦៦ គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៥០០ លាន​ដុល្លារ អាមេរិក ហើយ​ការស្ថាបនា​ត្រូវបាន​បែងចែក​ជា​បី​ផ្នែក​ធំៗ​គឺ​៖ ភាគ​ខាងជើង ភាគ​ខាង ត្បូង និង​ភាគ​កណ្តាល​។​

​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​ខាងជើង (​បាត់ដំបង​-​សិរីសោភ័ណ​) មាន​ប្រវែង​សរុប ៨៤,៧៤ គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៤៣,០៤ លាន ដុល្លារ​អាមេរិក ត្រូវបាន​សម្ភោ​ធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​២៦ មីនា ២០១៨ ការស្ថាបនា​មាន រយៈពេល​៣៦​ខែ គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០២០ សម្រេចបាន ៧០,០៥%​ហើយ​។​

​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥​ភាគ​កណ្តាល​នេះ មាន​ប្រវែង​សរុប ១៤៦,០៤ គីឡូម៉ែត្រ ដោយ​ចាប់ពី​ធ្លា​ម្អម ដល់ បាត់ដំបង មាន​ប្រវែង​សរុប​១៤៦,០៤​គីឡូម៉ែត្រ ពី​២​គន្លង​ទៅ​៤​គន្លង ក្រាល​កៅស៊ូ​AC កម្រាស​១៥​សង់ទីម៉ែត្រ ខណ្ឌ​ដោយ​សួនច្បារ​នៅ​ចំ​កណ្តាល គ្រោង​ចំណាយ​ទឹកប្រាក់ សរុប​ចំនួន​១៦១,៩០​លាន​ដុល្លារ​អាមេរិក ហើយ​ការស្ថាបនា​មាន​រយៈពេល ប្រមាណ​៤២​ខែ គិត​ត្រឹម​ខែ ឧសភា ឆ្នាំ​២០២០ សម្រេចបាន ១៥,៦៥%​ហើយ​។​

​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥​ភាគខាងត្បូង មាន​ប្រវែង​សរុប ១៣៥,២៥ គីឡូ ម៉ែត្រ ចាប់ពី​ព្រែក​ក្តាម​ដល់​ធ្លា​ម្អម (​កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់​) ពី​២​គន្លង​ទៅ​៤​គន្លង ក្រាល​កៅ ស៊ូ​AC កម្រាស​១៥​សង់ទីម៉ែត្រ ខណ្ឌ​ដោយ​សួនច្បារ​នៅ​ចំ​កណ្តាល គ្រោង​ចំណាយ​ទឹកប្រាក់​សរុប ចំនួន​២៤៦,៣៥​លាន​ដុល្លារ​អាមេរិក ហើយ​ការស្ថាបនា​មាន​រយៈពេល ប្រមាណ​៤៨​ខែ គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០២០ សម្រេចបាន ២៦,២៦%​ហើយ​។​

​ក្រោយពី​ការចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៥​មួយចំនួន ដោយ​មិនបាន​ជូនដំណឹង​ក្រុមហ៊ុន សាងសង់​ដឹង​ជាមុន (Spot check) លទ្ធផល​បាន​បង្ហាញថា​៖ គុណភាព​សំណង់​ឋិត​ក្នុង​កម្រិតស្តង់ដារ មួយ​ល្អ​អាច​ទទួលយកបាន ធានាបាន​នូវ​ការប្រើប្រាស់​ជាប់​បានយូរ​អង្វែង និង​ឈានទៅ​កាត់បន្ថយ​ការ ខ្ជះខ្ជាយ​ថវិកាជាតិ​ក្នុងការ​ថែទាំ​ជួស​ជួល​។​

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ផ្លូវ​នេះ​ជួយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ ទៅកាន់​គោលដៅ​បាន​ឆាប់រហ័ស ចំណេញ​ពេលវេលា កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​។​

​លើសពីនេះ​ទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា ដើម្បី​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​យើង​មានការ​រីកចម្រើន យើង​ត្រូវមាន​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ល្អ ដែល​អាច​ទាក់ទាញ​អ្នកវិនិយោគ​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ធ្វើ បង្កើន​ប្រាក់ចំណូល​គ្រួសារ និង​ជំរុញ​សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ សូម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល “​ថ្ងៃនេះ ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​”៕

ដោយ​៖​កូ​ឡាប​

spot_img
×