ស្ទឹងត្រែង ៖ កម្លាំងសមត្ថកិច្ចចម្រុះបន្តចុះអនុវត្តតាមដីកាបង្គាប់ការពីរទីតាំងធំៗបន្ថែមទៀត។ ប្រតិបត្តិការនោះ ធ្វើឡើងនៅថ្ងៃទី២៧ខែ ឧសភាឆ្នាំ២០២០ សហការជាមួយ បរិស្ថាន នគរបាល រដ្ឋបាលព្រៃឈើ មន្ត្រីសុរិយោដី តំណាងអភិបាលស្រុក ដឹកនាំដោយ លោក ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង។
មន្ត្រីចូលរួមបាននិយាយថា ការចុះអនុវត្តតាមដីកាបង្គាប់ការរបស់រដ្ឋបាលខេត្តបានចុះពិនិត្យការកាប់រាន ទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិ ៣ចំណុចទីតាំងធំៗគឺនៅចំណុចទី១ ប្រឡាយខ្លឹម។ ចំណុចទី២ ត្រពាំងឬស្សី(អូរក្រូចក្រោម)។ ចំណុចទី៣ ត្រពាំងត្រយង(អូរក្រូចលេី)។ ស្ថិតក្នុងភូមិសាស្ត្រឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជំហ៊ានបន្ទាប់នឹងធ្វើការសើុបអង្កេតរកអ្នកជាប់ពាក់ព័ន្ធដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
រហូតមកទល់ពេលនេះមិនទាន់ឃុំខ្លួនអ្នកជាប់ពាក់ព័ន្ធយកដីព្រៃរដ្ឋដែលមានស័ក្តិធំៗជាច្រើនហិកតានៅឡើយទេ។ក៏ប៉ុន្តែកន្លងទៅថ្មីៗនេះ ក៏មានឃាត់ខ្លួនឧត្តមសេនីយ៍ទោចាន់ សំអាតដែរតែបានដោះលែងវិញដោយហេតុផលថាមានជំងឺជាប់ខ្លួន៕
ដោយ៖សុខុម