ករណីផ្ទុះថ្មទូរស័ព្ទ iPhone មិនមែនជារឿងចម្លែកទេ ជាក់ស្តែង វាបានកើតឡើងជារឿយៗទៅហើយ នៅក្នុងបណ្តាប្រទេសដទៃទៀត ដែលត្រូវបានគេរាយការណ៍ថា បណ្តាលមកពីអ្នកបច្ចេកទេសអសមត្ថភាព ។
ថ្មីៗនេះ នៅក្នុងប្រទេសចិន ករណីមួយទៀតហើយ នៃការផ្ទុះថ្មទូរស័ព្ទ iPhone បានកើតឡើង ។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះ វាត្រូវបានគេរាយការណ៍ថា មិនមែនដោយសារអ្នកបច្ចេកទេសដែលមិនមានវិជ្ជាជីវៈទេ ។ ចុះតើមកពីមូលហេតុអ្វីទៅ!?
យោងតាម Oriental Daily, នោះតាមរយៈវីដេអូនៃកាមេរ៉ា CCTV នៅហាងលក់កុំព្យូទ័រមួយ តាំងពីថ្ងៃទី១៩ ខែមករា បានបង្ហាញឲ្យឃើញបុរសវ័យក្មេងម្នាក់លេចឡើងនៅកន្លែងលក់ ដើម្បីចង់បានថ្មថ្មីជំនួសឲ្យថ្មចាស់ iPhone របស់គាត់ ។
បន្ទាប់ពីទទួលបានថ្មថ្មីនោះរួច គាត់ចង់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃថ្ម ។ ទោះជាយ៉ាងណាគាត់មានវិធីគួរឱ្យចាប់អារម្មណ៍ ដោយការខាំថ្ម ។ គាត់បានដាក់វាចូលក្នុងមាត់របស់គាត់ និងខាំថ្មដោយធ្មេញរបស់គាត់! ។
គ្រាន់តែនៅពេលគាត់ដកថ្មនោះចេញពីមាត់ភ្លាម ស្រាប់តែថ្មជំនួសនោះបានផ្ទុះបែកផ្កាភ្លើង រាលដាលទៅកាន់កន្លែងដទៃ ធ្វើឲ្យមនុស្សម្នាក្នុងហាងភ័យស្ទើរលោះព្រលឹងគ្រប់ៗគ្នាតែម្តង ។ សំណាងណាស់ ដែលបុរសនោះចេះដកចេញទាន់ពេលវេលា និងពុំបណ្តាលឲ្យអ្នកដទៃទៀតរងរបួស ៕ ចន្ទី