ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដណាស់បានស្គាល់ច្បាស់ កញ្ញា សូដា នីតា ជាតារាសម្តែងផង និងជាពិធិការិនីផង ដែលបានឆ្លងកាត់លើវិថីសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំ មកហើយ។ បើទោះការងារសិល្បៈរបស់ កញ្ញា នីតា មួយរយៈពេលចុងក្រោយ ហាក់មិនសូវមមាញឹកខ្លាំងដូចមុនយ៉ាងណាក្តី តែប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះកញ្ញា គឺនៅដដែល ពោលគឺនៅតែទទួលបានការគាំទ្រ ពីសំណាក់បងប្អូននៅក្នុងបណ្តាញសង្គម ដែលមានការចាប់អារម្មណ៍ ស្រឡាញ់ចូលចិត្តកញ្ញាយ៉ាងច្រើនផងដែរ។
ដោយឡែក ថ្មីៗនេះ កញ្ញា សូដា នីតា ស្រាប់តែធ្វើឲ្យហ្វេនៗ និងមិត្តភក្តិរួមអាជីព មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបានឃើញកញ្ញា បង្ហោះរូបភាពឡើងស៊េរីរថយន្តដ៏ទំនើប១គ្រឿងម៉ាក Lexus 570 KURO ដោយភ្ជាប់សារលើកទឹកចិត្តខ្លួនឯងឲ្យខិតខំប្រឹងប្រែងបន្ថែមទៀតយ៉ាងដូច្នេះថា៖ «នេះជាក្តីប្រាថ្នាដែលខ្ញុំនឹងអ្នកគ្រប់គ្នាតែងតែចង់បាន អ៊ីចឹងបើសិនជាបានហើយត្រូវថែរក្សាទុក ហើយមើលថែឲ្យល្អ ខំប្រឹងបន្តដើម្បីឡើងស៊េរីនឹងគេ១ទៀត (ខ្មៅ១ស១)» ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា រថយន្តស៊េរីទំនើបដែលជាក្តីប្រាថ្នារបស់កញ្ញា នីតា ១គ្រឿងនេះ គឺម៉ាក Lexus 570 KURO ស៊េរីឆ្នាំ២០២០។ ហើយបើតាមការប៉ាន់ប្រមាណ គឺមានតម្លៃរហូតដល់ ២៦៥.០០០ ដុល្លារ ឯណោះ៕ ដោយ៖ លឹម ហុង