បន្ទាយមានជ័យ ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយជាប់ចោទពីបទ ប៉ុនប៉ងនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សួន ពិសិដ្ឋ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ត្រូវបានកម្លាំងល្បាតនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះល្បាតនៅចំណុចភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យ កំពុងប្រមូលផ្តុំពលករខ្មែរចំនួន៤នាក់ (ស្រី២នាក់) នៅក្នុងបន្ទប់ជួលរបស់ខ្លួន បម្រុងនាំឆ្លងដែនដោយខុសច្បាប់ ចូលទៅទឹកដីថៃ ពេលឃើញសមត្ថកិច្ច ជនសង្ស័យបានព្យាយាមរត់គេខ្លួន ក៏ជង់នឹងដែកមុតជើងខាងស្តាំ ក៏ត្រូសមត្ថកិច្ចចាប់ខ្លួនបាន។ ក្រោយពីធ្វើការឃាត់ខ្លួន និងសួរនាំ ជនសង្ស័យបានសារភាពថា មនុស្សទាំង៤នាក់នោះ គេពិតជាប្រមូលផ្តុំបម្រុងនាំឆ្លងដែនមែន ដោយនាំយកទៅឲ្យឈ្មោះ ភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នកំពុងស្នាក់នៅប្រទេសថៃ ។
លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បានរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖បញ្ញាស័ក្តិ