មន្ត្រីជាន់ខ្ពស់បំផុតទី ៣ របស់បក្សកុម្មុនិស្តចិន បាននិយាយនៅថ្ងៃសុក្រនេះថា ចិននឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារកងកម្លាំងគាំទ្រឯករាជ្យ បំបែកតៃវ៉ាន់ចេញពីចិន ប៉ុន្តែសកម្មភាពហឹង្សាប្រឆាំង នឹងតៃវ៉ាន់ គឺជាជម្រើសចុងក្រោយបង្អស់។
លោក Li Shanshu ដែលជាប្រធានរដ្ឋសភាចិន បាននិយាយថា ទីក្រុងប៉េកាំងនឹងមិនអនុញ្ញាត ឲ្យកងកម្លាំងបំបែកតៃវ៉ាន់ចេញពីចិនឡើយ។
ចិនជឿជាក់ថា ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen គឺជាជនផ្តាច់ខ្លួនដែលចង់បានឯករាជ្យ។ អ្នកស្រីបាននិយាយថា តៃវ៉ាន់ជាប្រទេស មានឯករាជ្យរួចហើយ ដែលមានឈ្មោះផ្លូវការណ៍ថា សាធារណរដ្ឋចិន។
កាលពីសប្តាហ៍មុន ក្នុងពិធីចូលកាន់តំណែង ជាប្រធានាធិបតិអាណត្តិទី ២ អ្នកស្រីបាននិយាយថា តៃវ៉ាន់មិនអាចទទួលយកការក្លាយជាផ្នែមួយរបស់ចិន ក្រោមរូបមន្ត “ប្រទេសមួយ ប្រព័ន្ធពីរ”ឡើយ និងបានបដិសេធ ការប្រកាសរបស់ចិនថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន។
ចិនចង់ឲ្យតៃវ៉ាន់ទទួលយករូបមន្ត “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលធានាទទួលបានស្វ័យភាពកម្រិតខ្ពស់ ដែលប៉េកាំងប្រើប្រាស់លើទីក្រុងហុងកុង។
ទោះយ៉ាងណាក៏ដោយ សំណើររបស់ចិន ត្រូវបានគណបក្សធំៗទាំងអស់ របស់តៃវ៉ាន់ធ្វើការបដិសេធ។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុនចិន បានដាក់ច្បាប់សន្តិសុខជាតិ ទៅលើទីក្រុងហុងកុង ដែលអ្នកជំនាញថ្លែងថា ច្បាប់នោះនឹងធ្វើឲ្យហុងកុងបាត់បង់ស្វ័យភាព៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters