វីដេអូថ្មីមួយដែលបង្ហាញឲ្យឃើញពីឪពុកកំណាច ចិត្តតិរច្ឆានម្នាក់បានប្រើអំពើហិង្សាមកលើកូនស្រីតូចម្នាក់របស់ខ្លួនអាយុប្រហែល ៣, ៤ ឆ្នាំ យ៉ាងសាហាវព្រៃផ្សៃបំផុត បានធ្វើឲ្យមនុស្សជាច្រើនស្លុតចិត្ត និងផ្ទុះកំហឹងយ៉ាងខ្លាំង ។
តាមរយៈវីដេអូ គេបានឃើញបុរសជាឪពុករូបនេះ បានប្រើរំពាត់វ៉ៃ ទាត់ធាក់ក្បាល និងដងខ្លួនកូនស្រីដ៏ធ្ងន់ៗបំផុត និងសូម្បីចាប់ទាញលើកគ្រវាត់ទៅលើដី រួចយកជើងជាន់ឈ្លីដូចសត្វធាតុ គួរឲ្យអាសូរបំផុត។
ប៉ុន្តែ អ្វីដែលហួសចិត្តបំផុតនោះ គេកោតត្រង់ថា ពេលបានឃើញស្ថានភាពដ៏សាហាវបែបនេះហើយ តែអ្នកជិតខាងជាប់របងជាមួយ ពុំបានចូលទៅឃាត់ ដោយបានត្រឹមឈរមើល និងថត ហើយគ្រាន់តែស្រែកបង្គាប់ឲ្យបញ្ឈប់សកម្មភាពការធ្វើបាបកូនស្រី ដែលជាហេតុធ្វើឲ្យឪពុកចិត្តអប្រិយរូបនេះ បានចិត្តបន្តវាយទាត់ធាក់លើកូនស្រីតាមតែអំពើចិត្តកាន់តែខ្លាំង។ វីដេអូនេះត្រូវបានបញ្ចប់ ខណៈកូនស្រីនោះដើរទៅងូតទឹកនៅអណ្តូងមុខផ្ទះរបស់នាង។
តាមរយៈវីដេអូចែករំលែកដ៏ស្លុតរន្ធត់នេះផងដែរ មនុស្សជាច្រើនដែលបានបញ្ចេញកំហឹង បានជំរុញឲ្យសមត្ថកិច្ចចាត់វិធានការ ទៅលើឪពុកចិត្តកំណាចតិរច្ឆាននេះឲ្យខាងតែបាន ព្រោះបើមិនអ៊ីចឹងទេ កូនស្រីម្នាក់នេះ និងក៏ដូចជាកូនៗរបស់គេប៉ុន្មាននាក់ទៀត នឹងច្បាស់ជាជួបបញ្ហាធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់ពួកគេក៏ថាបាន។
ទោះយ៉ាងណា ហេតុការណ៍នេះ គេពុំបានដឹងថាបានកើតឡើងនៅទីកន្លែងណានោះទេ ប៉ុន្តែបើតាមការស្តាប់សំឡេងនៅក្នុងវីដេអូ គឺជាខ្មែរកម្ពុជាក្រោម។ ហើយក៏មិនដឹងថា កូនស្រីនោះរងរបួសកំរិតណានោះទេ បន្ទាប់ពីរងការវាយធ្វើបាបពីនាងឪពុករបស់នាង ដែលមានចិត្តសាហាវជាងសត្វយ៉ាងនេះ៕
ដោយ៖ លឹម ហុង