ប្រទេសកូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះបានប្រកាសគាំទ្រសម្ព័ន្ធមិត្តតែមួយរបស់ខ្លួន គឺប្រទេសចិនដែលបានធ្វើការសម្រេចចិត្តចេញច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង ដោយកូរ៉េខាងជើងហៅវាថាជាជំហានស្របច្បាប់ក្នុងការការពារសន្តិសុខរដ្ឋ។
“ដោយសារបញ្ហាហុងកុង ជាបញ្ហាទាក់ទងទៅនឹងកិច្ចការផ្ទៃក្នុងរបស់ចិន ប្រទេសផ្សេងៗ ឬកងកម្លាំងមិនមានសិទ្ធិក្នុងការនិយាយពីបញ្ហានោះឡើយ”
“ពួកយើងប្រឆាំងដាច់ខាត និងបដិសេធរាល់ការជ្រៀតជ្រែកខាងក្រៅ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទីក្រុងហុងកុង។”
ការប្រកាសរបស់កូរ៉េខាងជើងកើតឡើង ក្រោយពេលរដ្ឋសភាចិន នៅសប្តាហ៍នេះបានគាំទ្រសំណើរច្បាប់ សន្តិសុខជាតិសម្រាប់ហុងកុង ដែលអ្នកជំនាញបានមើលឃើញថា ច្បាប់នោះនឹងកម្រិតសិទ្ធិ និងសេរីភាពរបស់ហុងកុង ដែលជាអតីតដែនដីអណានិគមន៍របស់អង់គ្លេស។
ប្រធានាធិបតីអាមេរិចដូណាល់ ត្រាំបានប្រកាសដកឋានៈពាណិជ្ជកម្មពិសេស ចេញពីក្រុងហុងកុងដោយសារចិនដាក់ច្បាប់សន្តិសុខនោះលើហុងកុង និងបានប្រកាសថា ទីក្រុងហុងកុងលែង មានស្វ័យភាពកម្រិតខ្ពស់ពីចិនទៀតហើយ។
កូរ៉េខាងជើងកាលពីលើកមុន បានប្រកាសគាំទ្រចំណាត់ការរបស់ទីក្រុងប៉េកាំងទៅលើការតវ៉ានៅក្នុងហុងកុង និងគាំទ្រគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” របស់ចិន។
ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនវិញក្នុងឆ្នាំ ១៩៩៧ក្រោមកិច្ចព្រមព្រៀងផ្តល់ស្វ័យភាព និងសិទ្ធិសេរីភាពដល់ទីក្រុងនេះសម្រាប់រយៈពេល ៥០ឆ្នាំ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters