ស្ទឹងត្រែង៖ លោកយាយជនជាតិកួយម្នាក់ មានអាយុជាង១០០ឆ្នាំ កំពុងរស់នៅក្នុងខ្ទមមួយដាច់ដោយឡែកពីកូនចៅ។ ស្ត្រីដែលមានវ័យចំណាស់ កម្របានជួប ស្ថិតក្នុងតំបន់ឧបសម្ព័ន្ធវាលដេញ នៃភូមិអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក យក់ ម៉ៅ ត្រូវជាកូនប្រសាបានរៀបរាប់ប្រាប់ឲ្យដឹងថា ម្តាយក្មេកឈ្មោះកែវ ចាន់ មានវ័យ១០៩ឆ្នាំ។ គាត់មានកូនពីរនាក់ គឺប្រុសម្នាក់ និងស្រីម្នាក់។
លោក យក់ ម៉ៅ បានបន្តថា កូនស្រីត្រូវជាប្រពន្ធរបស់លោក។ ចំណែកកូនប្រុសច្បងសព្វថ្ងៃ កំពុងនៅប្រទេសអូស្ត្រាលី។ កូនច្បងលោកយាយ កែវ ចាន់ បានចេញទៅរស់នៅក្រៅប្រទេសតាំងពីវ័យកុមារ ជាមួយស្ត្រីម្នាក់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ឆ្នាំ១៩៧៥-១៩៧៩។
របបនោះ ភៀសខ្លួនពីខេត្តស្ទឹងត្រែង ទៅរស់ក្នុងជំរុំព្រំដែនកម្ពុជាថៃ។ កូនប្រុសច្បង ត្រូវស្ត្រីម្នាក់ នាំទៅក្រៅប្រទេសតាំងពីនៅវ័យជាង១០ឆ្នាំ។ ចាប់តាំងពីទៅរស់នៅក្រៅប្រទេស រហូតមកដល់បច្ចុប្បន្ន ក៏ធ្លាប់មកលេងម្តាយម្តងម្កាលដែរ។
ភូមិឧបសម្ព័ន្ធ គឺមានតែលោកយាយកែវ ចាន់ ម្នាក់គត់ មានអាយុ១០៩ឆ្នាំ។ អ្នកឃុំអន្លង់ជ្រៃ ចាត់ទុកលោកយាយកែវ ចាន់ គឺជាស្ត្រីមានអាយុវែងជាងគេបង្អស់ នៃកុលសម្ព័ន្ធជនជាតិកួយ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕
ដោយ៖សុខុម