បន្ទាយមានជ័យ៖ បាក់ជើង៣នាក់ និងបែកភ្នែកម្នាក់ ដោយសាររថយន្តនិងម៉ូតូ បុកគ្នា ព្រោះគេចពីម៉ូតូដឹកជ្រូក កាលពីម៉ោង៤និង២៥នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លើផ្លូវខេត្តលេខ២៥៦៣ ចំណុចខាងកើតសាលាឆទានព្រែវែង ស្ថិតក្នុងភូមិព្រែវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍អ៊ុយ ផល្លី អធិការរងនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ មានម៉ូតូដឹកជ្រូក១គ្រឿង បានបត់កាត់ពីមុខរថយន្ត១គ្រឿង កំពុងបើកក្នុងទិសដៅពីលិចទៅកើត។ តមក ក៏បើកកាត់ពីមុខម៉ូតូ១គ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសគ្នា ហើយខណៈនោះដែរ ក៏មានរថយន្ត១គ្រឿង ម៉ាកតូយ៉ូតាកាមរី ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2J. 4012បើកបរដោយឈ្មោះ ផុង រិមដា ភេទស្រីអាយុ៣៣ ឆ្នាំ ជាប្រពន្ធ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និង អ្នករួមដំណើរ ឈ្មោះ សាំង គីរី ភេទប្រុសអាយុ ៣៧ ឆ្នាំ ជាប្តី (អ្នកបើកបរតែផ្ទេរឲ្យប្រពន្ធបើក ) បានបើកបរក្នុងទិសដៅពីលិចទៅកើត។ នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូដឹកជ្រូកមួយគ្រឿង ដែលបានបត់ឆ្វេងកាត់ពីមុខរថយន្ត ដែលកំពុងបើកបរក្នុងទិសស្របគ្នា ពីលិចទៅកើត នឹងក៏កាត់ពីមុខម៉ូតូម៉ាកហុងដាC 125 ពាក់ផ្លាកលេខ ប.ជ 1N.6023 បើកបរដោយឈ្មោះ យ៉ស់ ប៉ប់ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរ ២នាក់ គឺបើកបរក្នុងទិសដៅពីកើតទៅលិច បណ្ដាលឱ្យម៉ូតូនិងរថយន្ត ដែលគេចម៉ូតូដឹកជ្រូក បុកគ្នាតែម្ដង ។
ឃើញដូច្នេះ អ្នកម៉ូតូដឹកជ្រូក បានបើកគេចខ្លួនបាត់ ដោយមិនទទួលខុសត្រូវកំហុសខ្លួនឡើយ ហើយសមត្ថកិច្ចក៏មិនស្គាល់អត្តសញ្ញាណដែរ ។
នគរបាលចរាចរណ៍សន្និដ្ឋានថា ៖ មូលហេតុនៃគ្រោះថ្នាក់នេះ គឺមកពីរថយន្តគេចម៉ូតូដឹកជ្រូក ដែលបត់កាត់ពីមុខ។ ឯអ្នកបើកបរម៉ូតូ ក៏បើកគេចពីម៉ូតូដែលបត់កាត់ពីមុខនោះដែរ ។
លោកអ៊ុយ ផល្លី បន្តថា ៖ គ្រោះថ្នាក់នោះ បង្កឲ្យរបួស៤នាក់ ធ្ងន់ (ស្រី២នាក់) ១.ឈ្មោះ ផុង រិនដា ភេទស្រី ជាអ្នកបើកបរថយន្តរបួសខ្វាក់ភ្នែកខាងឆ្វេង (ធ្ងន់)។ ២.ឈ្មោះ យ៉ស់ ប៉ប់ ភេទប្រុស អាយុ ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូ បាក់ភ្លៅខាឆ្វេង។
៣.ឈ្មោះ ឡាំ វ៉ុន ភេទស្រី អាយុ ៦៣ឆ្នាំ ជាអ្នករួមដំណើរ បាក់ស្មងជើងខាងស្ដាំ និង៤.ឈ្មោះម៉ាប់ សៀវមិញ ភេទប្រុស អាយុ ៦ឆ្នាំ ជាអ្នករួមដំណើរបាក់ជើងឆ្វេង។ ចំពោះ ផ្នែកសម្ភារ ម៉ូតូខួចខាតទាំងស្រុង និងរថយន្តខូចខាតផ្នែកខាងមុខធ្ងន់៕
ដោយ ៖ បន្ទាយ