រតនគិរី៖ មន្ទីរព័ត៌មានខេត្តរតនគិរី បានឲ្យដឹងថា យោងតាមរបាយការណ៍របស់ លោក ហេង សាវឿន អភិបាលស្រុកវ៉ើនសៃ ខេត្តរតនគិរីបានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ ជាប្តីប្រពន្ធ២នាក់ធ្វើដំណើរចេញពីផ្ទះសំដៅទៅព្រៃដើម្បីរកផ្សិតប៉ក់មកលក់ លុះទៅដល់ចំណុចជិតអូរផៃចុងភូមិកំពង់ចាម ឃុំប៉ាកាឡាន់ ប្រពន្ធក៏ប្រទះឃើញ រូបបដិមា១ ព្រះអង្គតូច ទំងន់៦ខាំ ហើយក៏រើសទុក ដាក់ជាប់ខ្លួន និងដើរទៅរករើសផ្សិតបន្តក្នុងព្រៃរហូតដល់ល្ងាចទើបមកដល់ផ្ទះវិញ។
ប្តីប្រពន្ធ២នាក់មានឈ្មោះ ប៉ែង តៃ អាយុ ៤៥ ឆ្នាំជនជាតិឡាវ ជាប្តី និងឈ្មោះ សៃ ថៃ អាយុ ៤២ ឆ្នាំជនជាតិ ឡាវ ត្រូវជាប្រពន្ធ រស់នៅភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ។
បច្ចុប្បន្នគាត់ទាំង២នាក់ប្តីប្រពន្ធ បានយករូបបដិមានេះ មកទុកក្នុងផ្ទះដាក់ទានធូបសក្ការបូជា ហើយប៉ុស្តិ៍រដ្ឋបាលបានធ្វើការណែនាំឲ្យពួកគាត់រក្សាទុកដាក់ឲ្យបានល្អ ៕
ដោយ៖កូឡាប