ព្រះវិហារ៖ បដិមាព្រះគោមួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែមានចោរលួចយកទៅបាត់ នៅពេលនេះ កម្លាំងនគរបាលស្រុកជាំក្សាន្តដែលដឹកនាំដោយលោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលយាង សហការមួយអាជ្ញារធរភូមិ ក៏បានបើកប្រតិបត្តិការស្រាវជ្រាវភ្លាម និងរកឃើញវិញហើយ។
ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០នេះ បានឲ្យដឹងថា សូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងស្រុក និងក្រៅស្រុកអបអរសាទរជួយគាំទ្រ និងលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារផង ដោយខិតខំប្រឹងប្រែងថែរក្សា សម្បត្តិ វប្បធម៌ជាតិយើងមានអាយុរាប់រយឆ្នាំ រាប់ពាន់ឆ្នាំ ។
នគរបាលស្រុកជាំក្សាន្ដ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង១២និង១៤នាទី ដោយមានការចង្អុលដឹកនាំ ពីលោក ឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត និងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល យាងសហការជាមួយអាជ្ញាធរភូមិ ចុះស្រាវជ្រាវរុករករូបព្រះគោ ដែលជាវត្ថុបុរាណ ប្រជាពលរដ្ឋបានប្រទះឃើញរួចបានបាត់ទៅវិញ ក្រោយពីបានស្រាវជ្រាវរួចមកប្រជាពលរដ្ឋម្នាក់ ឈ្មោះ លាក់ ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅ (ចំណុចជញ្ជាំង) ភូមិកោងយោង ឃុំយាងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសហការ និងភ្ញាក់រលឹកប្រគល់រូបព្រះគោនេះ មកឲ្យ សមត្ថកិច្ចយើង ដើម្បីប្រគល់ជូនការិយាល័យបេតិកភណ្ឌខេត្ត យកទៅរក្សាទុកជាបណ្ដោះអាសន្ន និងអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំបន្តទៀត ។
ពលរដ្ឋម្នាក់ឈ្មោះ លាក់ ជាតិ អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត បានលួចយកពីកន្លែងទុកវត្ថុបុរាណនេះ ប៉ុន្តែដោយមានការភ្ញាក់រលឹក បុរសរូបនេះក៏ប្រគល់រូបព្រះគោមកឱ្យសមត្ថកិច្ចវិញ ដើម្បីឱ្យកម្លាំងជំនាញបេតិកភណ្ឌខេត្តព្រះវិហារ យកទៅរក្សាទុកជាបណ្ដោះអាសន្ន និងអនុវត្តតាមគោលការណ៍បន្តទៀត។
រាល់បដិមា រូបសំណាក រូបចម្លាក់ថ្មក្ដី ឈើក្ដី ឬវត្ថុបុរាណនានាផ្សេងទៀត គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ជាតិ ដែលគួរតែត្រូវបានថែរក្សាការពារពីសមត្ថកិច្ច-ស្ថាប័នជំនាញ ដូច្នេះប្រជាពលរដ្ឋមិនគួរលួច ឬជួញដូរខុសច្បាប់នោះឡើយ ព្រោះជាទង្វើល្មើសច្បាប់ ដែលអាចមានទោសទណ្ឌដល់ខ្លួនឯង ហើយក៏ជាទង្វើបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិផងដែរ៕
ដោយ៖កូឡាប