Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវ​ខេត្ត លេខ​១៤៦​បេ និង​ផ្លូវ​លេខ​១៤៨ ជា​ផ្លូវ​វាង​ក្រុង​ដ៏​មាន​សក្ដានុពល​សម្រាប់​ប​ម្រើ ឱ្យ​ការដឹកជញ្ជូន​ទំនិញ​នាំចេញ​-​ចូល​តាម​នាវា កសិផល និង​ជលផល របស់​បងប្អូន​ប្រជាពលរដ្ឋ​

​ខេត្ត​ព្រះសីហនុ​៖ គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវ​ខេត្ត​លេខ​១៤៦​បេ ហៅ វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ​ទេព​វង្ស និង​ផ្លូវ​លេខ​១៤៨ បំបែក​ចេញពី​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​១៧៨ +១៦៥ រង្វង់​មូល​សម្ដេច​សង្ឃរាជ​ទេព​វង្ស​ដល់​រង្វង់​មូល​ស្ទឹងហាវ រួច​បន្ត​រហូតដល់​កំ​ពង់​ផែ សម្រេចបាន​១,៩០​ភាគរយ​ហើយ​។ កំណាត់​ផ្លូវ​នេះ​គឺជា​ផ្លូវ​វាង​ក្រុង​ដ៏​មាន​សក្ដានុពល​សម្រាប់​ប​ម្រើ ឱ្យ​ការដឹកជញ្ជូន​ទំនិញ​នាំចេញ​-​ចូល​តាម​នាវា កសិផល និង​ជលផល​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក ស្ទឹងហាវ ក៏ដូចជា​បងប្អូន​រស់​នៅ​តំបន់​ទំនប់រលក​ចាស់​នៃ​ក្រុងព្រះសីហនុ ទៅកាន់​ទីផ្សារ កាន់​តែមាន​លក្ខណៈ​ងាយស្រួល ឆាប់រហ័ស​។

​ថ្ងៃអាទិត្យ ទី​៣១ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យមើល​វឌ្ឍនភាព​សាងសង់​ផ្លូវ​លេខ​១៤៦​បេ (​វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ​ទេព វង្ស​) និង​ផ្លូវ​លេខ​១៤៨ ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​បច្ចេកទេស​ក្រសួង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន តំណាង​ក្រុមហ៊ុន​សាងសង់ និង​ភាគី​ពាក់ព័ន្ធ​។​

​ការចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​គុណភាព​នៃ​ការសាងសង់ សំដៅ​ធានា​ឱ្យបាន តាម​ស្តង់ដា​ដែល​អាច​ទទួលយកបាន ពោលគឺ​ធ្វើ​ផ្លូវ​ឱ្យមាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។​

​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៤៦​បេ ឬ​វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ ទេព វង្ស និង​ផ្លូវ​លេខ​១៤៨ មាន​ប្រវែង​សរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពី​បំបែក​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៧៨+១៦៥ ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ដល់​រង្វង់​មូល​ស្ទឹងហាវ ស្ថិតនៅ​ភូមិ​១ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ និង​បន្ត​រហូត ដល់​កំពង់ផែ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ សាងសង់​ដោយ​ចាក់​បេតុង​កៅស៊ូ​AC ទទឹង​សរុប ១១​ម៉ែត្រ​កម្រាស់​៩​សង់ទីម៉ែត្រ​និង​ចិញ្ចើម​គ្រួស​ក្រហម ០,៥០ ម៉ែត្រ​សងខាង ចាប់ពី​រង្វង់​មូល​សម្ដេច​សង្ឃរាជ​ទេព​វង្ស PK០+០០០ ដល់​PK២០+៦៧៨ ប្រវែង​២០,៦៧៨​គីឡូម៉ែត្រ និង​ចាក់​បេតុង​សរសៃដែក​ទទឹង ១១​ម៉ែត្រ​កម្រាស់​២៦​សង់ទីម៉ែត្រ​ប្រវែង ២២,៣៤៧ គីឡូម៉ែត្រ​និង​ចិញ្ចើម​គ្រួស​ក្រហម ០,៥០​ម៉ែត្រ សងខាង​ចាប់ពី PK២០+៦៧៨ ដល់ PK៤៣+០,២៥​។​

​កំណាត់​ផ្លូវ​នេះ​សាងសង់ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ផ្លូវថ្នល់ នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​នាយកដ្ឋាន​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ២៨ ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ ចំណាយ​ថវិកា​សន្សំ​របស់​ជាតិ គិត​រហូត​មកទល់ពេលនេះ​ការសាងសង់​សម្រេចបាន ១,៩០​ភាគរយ​ហើយ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ កំណាត់​ផ្លូវ​នេះ​គឺជា​ផ្លូវ​វាង​ក្រុង​ដ៏​មាន​សក្ដានុពល​សម្រាប់​ប​ម្រើ ឱ្យ​ការដឹកជញ្ជូន​ទំនិញ​នាំចេញ​-​ចូល​តាម​នាវា កសិផល និង​ជលផល​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក ស្ទឹងហាវ ក៏ដូចជា​បងប្អូន​រស់​នៅ​តំបន់​ទំនប់រលក​ចាស់​នៃ​ក្រុងព្រះសីហនុ ទៅកាន់​ទីផ្សារ កាន់​តែមាន​លក្ខណៈ​ងាយស្រួល ឆាប់រហ័ស និង​ចំណាយ​តិច និង​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ដល់​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​៤ ចំពោះ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​ដូចជា​កុង​ទី​ន័​រ ជាដើម​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ផ្ដាំ​ផ្ញើឱ្យ​ក្រុមហ៊ុន​សាងសង់​យកចិត្តទុកដាក់​ក្នុងការ​សាងសង់ ដោយ​គោរព​តាម​បទដ្ឋាន​សាងសង់ និង​សៀវភៅ​បន្ទុក ដែល​បាន​ព្រមព្រៀង​៕​

ដោយ​៖​កូ​ឡាប​

×