ភ្នំពេញ៖ យន្តហោះយោធាមួយគ្រឿង របស់កងទ័ពរំដោះប្រជាជនចិន បានដឹកជំនួយសម្ភារពេទ្យទប់ស្កាត់ជំងឺកូវីដ-១៩ ផ្តល់ជូនកងយោធពលខេមរភូមិន្ទ នៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស ក្រសួងការពារជាតិ។
ពិធីនេះប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០ មានការចូលរួមពីនាយទាហានមកពីស្ថាប័នពាក់ព័ន្ធ និងជំនាញសុខាភិបាលក្រសួងការពារជាតិជាច្រើនរូបទៀត។ លោកវរសេនីយ៍ឯកលី ជីងហ្វីង អនុព័ន្ធយោធាចិនប្រចាំកម្ពុជា និងសហការីក៏មានវត្តមានក្នុងឱកាសនោះដែរ។
សូមបញ្ជាក់ថា៖ មកដល់ពេលនេះ អំណោយយសម្ភារពេទ្យ ទប់ស្កាត់ជំងឺកូវីដ ១៩ របស់កងទ័ពរំដោះប្រជាជនចិនផ្តល់ជូនកងយោធពលខេមរភូមិន្ទ មានចំនួនពីរលើករួមកហើយ ។ លើកទី១ មានសម្ភារបរិក្ខារ ប្រមាណ ២,២តោន ដែលភាគីមិត្តផ្តល់ឱយនៅថ្ងៃពុធ ទី ១ ខែ មេសា ឆ្នាំ២០២០ ស្ថិតនៅចំណត អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។ លើកទី២ សម្ភារ បរិក្ខារពេទ្យចំនួន១១មុខ ទម្ងន់១៦ តោនសម្រាប់ទបស្កាត់វីរុសកូវីដ-១៩ ជាជំនួយរបស់ក្រសួងការពារប្រទេសចិន ត្រូវបានបញ្ជូនតាមជើងយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិនផងដែរ។ ថ្ងៃនេះ ជាលើកទី ៣ រួមមានៈ សម្ភារ បរិក្ខារពេទ្យជាច្រើនផងដែរ ៕
ដោយ៖កូឡាប