ស្ទឹងត្រែង៖ គ្រួសារមួយមានកូន ចំនួន៦ នាក់ រស់នៅក្នុងបន្ទុកកំពុងជួបការខ្វះខាតស្បៀងអាហារ។ រីឯប្រពន្ធមានជំងឺដេកលើកន្ទេល ក្រោមដំបូលផ្ទះធ្លុះធ្លាយ ជញ្ជាំងបាំងខ្យល់ បានដង្ហោយរកសប្បុរសជនជួយ។
លោក ភួង ភេ អាយុ៤០ឆ្នាំ ជាពលរដ្ឋរស់នៅភូមិកោះហិប ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានរៀបរាប់ថា សព្វថ្ងៃនេះគ្រួសារគាត់ជួបការខ្វះខាតណាស់ រកតែអង្ករដាំបាយឲ្យកូនក៏គ្មានដែរ។ ពេលនេះប្រពន្ធដេកឈឺនៅលើកន្ទេល គ្មានលទ្ធភាពយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ។ សុខភាពគាត់ក៏ចុះខ្សោយ ក្រៅពីមើលថែប្រពន្ធចេញទៅណាមិនរួចថែមទាំង មើលថែកូន៦នាក់ ក្នុងបន្ទុកទៀត។
កសិករម្នាក់នេះ បានរៀបរាប់ទៀតថា ដោយសារតែរស់លើដីកោះឆ្ងាយ ពីទីប្រជុំជនហើយពឹងផ្អែកតែលើការនេសាទត្រីមួយមុខ មិនអាចទប់ទល់នឹងតម្រូវការគ្រួសារគាត់ឡើយ។ ពេលនេះមានតែលើកដៃសំពះ សុំក្តីសន្តោសពីសប្បុរសជនជិតឆ្ងាយ ផ្តល់ជំនួយសម្រាប់ជីវិតចុងក្រោយ និងវាសដល់កូនៗផង។
លោក ស៊ី មី មេភូមិកោះហិបបានបញ្ជាក់ថា តាមការពិនិត្យជាក់ស្តែងគ្រួសារមួយនេះ ពិតជាទីទ័លក្រមែន។ ចៃដន្យបានព្រះសង្ឃនិមន្តមកលេង ក៏បានជួយឧបត្ថម្ភជាបច្ច័យខ្លះៗ ដើម្បីជាការដោះទាល់មួយគ្រា។
លោកមេភូមិបន្តថា កន្លងមកអាជ្ញាធរបានជួយគ្រប់ជំហានមកហើយ ដូចជា ធ្វើប័ណ្ណក្រីក្រ និងទទួលបានជំនួយមនុស្សធម៌ ពីកាកបាទក្រហមជាដើម តែពុំគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវភាពពេញលេញទេ។
លោកមេភូមិបន្ថែមថា រយៈពេលប៉ុន្មានខែចុងក្រោយ គ្រួសារមួយនេះ មិនបានទៅធ្វើការអ្វី ក្រៅពីនៅមើលថែប្រពន្ធឈឺនោះទេ ស្រែក៏មិនបានធ្វើចំការធ្វើមិនកើត កូនក្នុងបន្ទុកតូចៗ គ្មានការងារធ្វើ ទើបជួបការលំបាកបែបនេះ។
លោក សេក ម៉ៅ មេឃុំ អូរស្វាយ បានបញ្ជាក់ថា នៅលើកោះហិបនេះ មានប្រជាពលេដ្ឋរស់នៅជាង១០០គ្រួសារ។ ជាកោះមួយ ស្ថិតនៅដាច់ស្រយាលពីគេឯង។ ដូចនេះការទំនាក់ទំនងគ្នា នៅមានកម្រិត ទើបបងប្អូនប្រជាពលរដ្ឋខ្លះ ជួបបញ្ហាប្រឈម ទទួលការដោះស្រាយមិនបានទាន់ពេលវេលា។
ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅលើកោះហិបនោះ ភាគច្រើនមានជីវភាពខ្សត់ខ្សោយ ព្រោះពួកគាត់ពឹងផ្អែកតែលើមុខរបរនេសាទ និងធ្វើស្រែចំការតិចតួចប៉ុណ្ណោះ៕
ដោយ៖សុខុម