បាត់ដំបង៖ ការលើកឡើងក្នុងចេតនាបែបណាមួយឬក្នុងចេតនាដូចការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុក Socheata Penចំពោះមន្ត្រីនគរបាលចរាចរណ៍នៅខេត្តបាត់ដំបងកំពុងឈរហាលថ្ងៃក្ដៅ ធ្វើការងារសម្រួលចរាចរណ៍នៅលើដងផ្លូវ ស្នងការដ្ឋាននគរបាខេត្តបាត់ដំបង ពុំអាចទទួលយកបានឡើយ។ស្នងការនគរបាលបាននិងកំពុងស្រាវជ្រាវនឹងធ្វើការកោះអញ្ជើញស្រីស្អាតគំនិតមិនល្អ រូបនោះ មកធ្វើការបំភ្លឺ។
ចំណែកលោកផែងវណ្ណៈបានសរសេរលើហ្វេសប៊ុកថា មុខមាត់ស្អាតបាតតែសំដីដូចលាមក មន្ត្រីនគរចរាចរណ៍ ខំឈរហាលខ្យល់ ហាលភ្លៀង ហាលថ្ងៃ ដេីម្បីសម្រួលចរាចរណ៍អោយពលរដ្ឋធ្វេីដំណេីរតាមដងផ្លូវប្រកបដោយសុវត្ថិភាព បែរជាមកប្រមាថសុទ្ធតែបិសាចជញ្ជក់ឈាម ? បេីនាងឯងមិនល្មេីស អ្នកណាទៅរមាស់ ហៅនាងឯងផាកពិន័យ ។ ជិះឡានម៉ាស៊ីនត្រជាក់ ហេីយថតមន្ត្រីឈរធ្វេីការកណ្ដាលថ្ងៃមកជេរគ្នាទៀត ។ បេីថាមន្ត្រីរូបនោះហៅឡាននាងនេះផាកទៅមិនថាទេ ។
សមត្ថកិច្ចខេត្តបាត់ដំបងគួរហៅនាងនេះមកវាស់កំពស់ហេីយ កុំអោយនាងនេះរមាស់មាត់ជេរពេក ។
ពាក់ព័ន្ធការលេីកឡេីងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Socheata Pen៖ស្តុបពីរធ្នូមានបិសាចហុតឈាម។កាលពីថ្ងៃទី 3 ខែមិថុនាឆ្នាំ 2020 ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មាន កិត្តិយសសូមជម្រាបជូនសាធារណជន ពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២០នេះបានកត់សម្គាលឃើញ មានគណនីហ្វេសប៊ុកមួយឈ្មោះ Socheata Pen បានផុស Poste រូបភាពមួយ ដែលរូបភាពនេះទំនងជាថតចេញពីក្នុងរថយន្តមួយគ្រឿង ហើយនៅពីខាងមុខរថយន្តមាន(រូបភាពមន្ត្រីនគរបាលក្នុងឯកសណ្ឋាននគរបាលចរាចរណ៍) កំពុងបំពេញភារកិច្ចនៅចំណុចភ្លើងស្តុប(ពីរធ្នូ) ផ្លូវលេខ៣ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
នៅពីខាងលើរូបភាពដែលផុស Poste នេះ ម្ចាស់គណនី បានសរសរអក្សរជាភាសាខ្មែរថា ( ស្តុបពីរធ្នូមានបិសាចហុតឈាម)? តាមរយៈការបង្ហោះរូបភាព និងសរសេរខ្លឹមសារបែប នេះនៅក្នុងគណនីហ្វេសប៊ុករបស់គាត់ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានស៊ែរ Share ចែកចាយបន្តនិង ខូមិន Commente ដោយពាក្យសំដីអសុរស និងមានចេតនាចោទប្រកាន់ តេះដៀលសំដៅទៅរកមន្ត្រីនគរបាលចរាចរណ៍ដែលកំពុងឈរបំពេញភារកិច្ចក្នុងឯកសណ្ឋាននៅចំណុចគោលដៅនោះព្រោះតែ ខ្លឹមសារសរសេរ របស់គាត់ភ្ជាប់ពីខាងលើ ។
នៅចំពោះបញ្ហាបែបនេះ និងដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់អំពី ចេតនានិងគោលបំណងដោយពិតប្រាកដក្នុងការសរសេររបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផ្តើមធ្វើការស្រាវជ្រាវលើបញ្ហានេះ និងឈានទៅធ្វើការកោះអញ្ជើញម្ចាស់គណនីហ្វេសប៊ុកខាងលើ មកធ្វើការសាកសួរបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីបញ្ជាក់លើបញ្ហានេះ ទន្នឺមនេះដែរ ម្ចាស់គណនីខាងលើក៏អាចចូលខ្លួនមកបំភ្លឺនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន ។
ជាមួយនេះក៏សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាចូលរួម សហការណ៍ផ្តល់ព័ត៌មានអំពីអត្តសញ្ញាណពិតប្រាដករបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ដើម្បីយើងខ្ញុំបានចាត់វិធានការបានទាន់ពេលវេលា ។ ម្យ៉ាងទៀតក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបចំពោះបញ្ហានេះ និងសូមកុំឱ្យមានការភាន់ច្រឡំ ។
យើងខ្ញុំសូមគោរពជម្រាបជូនថា ការអនុវត្តរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០១ខែឧសភា ឆ្នាំ២០២០រហូតមក មន្ត្រីនគរបាលចរាចរណ៍បានអនុវត្ត ដោយត្រឹមត្រូវស្របតាមតួនាទីនិងភារកិច្ចរបស់ខ្លួនក្រោមការណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងមហាផ្ទៃ និងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ រីឯការពង្រឹងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះមានបំណងតែមួយគាត់គឺសំដៅការពារឱ្យបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ ការពារនូវអាយុជីវិត បងប្អូនដែលប្រើប្រាស់ផ្លូវ ប្រើប្រាស់យានយន្តទាំងអស់ មិនមែនមានហេតុផលដូចការលើកឡើងពីមជ្ឈដ្ឋានអគតិណានោះឡើយ សូមបងប្អូនចូលរួមគោរពច្បាប់ដោយត្រឹមត្រូវទៅនោះ មិនមានទទួលរងនូវការផាកពិន័យអ្វីទាំងអស់ពីមន្ត្រីនគរបាលចរាចរណ៍ ។
ការលើកឡើងក្នុងចេតនាបែបណាមួយឬក្នុងចេតនាដូចការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើចំពោះមន្ត្រីនគរបាលចរាចរណ៍ យើងខ្ញុំពុំអាចទទួលយកបានឡើយ ដោយសេចក្តីគោរពបំផុត៕
ដោយ៖កូឡាប