ភ្នំពេញ៖ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២០ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍បានបញ្ជាក់បំភ្លឺជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមថា ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ទៀតថា ខណៈពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។ បើសិនជាប្រជាពលរដ្ឋបានឃើញ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន ឬ សូមទូរសព្ទមកលេខ 117 ហៅចូលដោយឥតគិតថ្លៃ។
ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាអោយតាមឃាត់រថយន្ត Roll Roys និង រថយន្ត Mercedes Maybach ពាក់ស្លាកលេខ នប២-៧៧១៥ ក្លែងក្លាយ។
ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ឺម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត តាមស្រាវជ្រាវឃាត់រថយន្តទំនើប ម៉ាកRoll Roys និង រថយន្ត Mercedes Maybach ពាក់ស្លាកលេខ នប២- ៧៧១៥ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ។ រូបថតរថយន្ដទាំងពីរនេះ ត្រូវបានចែកចាយបន្តពេញបណ្ដាញសង្គមហ្វេសប៊ុក ថែមទាំងរិះគន់ផងដែរ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាអោយស្រាវជ្រាវនិងឃាត់ភ្លាមដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ។
ឯកឧត្តមឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ស្លាកលេខ នប២-៧៧១៥ នោះ គឺបំពាក់នៅរថយន្តម៉ាក ហ្វត ពណ៌ស តាំងពីឆ្នាំ ២០១៦ របស់ នាយកដ្ឋាននគរបាលទេសចរណ៍ ។ ដូច្នេះរថយន្ត Rolls Roys និ រថយន្ដ Mercedes Maybach យកលេខនោះទៅបំពាក់គឺខុសច្បាប់៕ដោយ៖បញ្ញាស័ក្តិ