នាងឆ្មាដ៏ល្បីល្បាញលើប្រព័ន្ធ Internet ដោយសារតែមានផ្ទៃមុខក្រញ៉ូវជាប់នោះ ត្រូវបានតុលាការរដ្ឋ California កាត់ក្តីឲ្យឈ្នះទឹកប្រាក់ ៧១០.០០០ដុល្លារ ក្នុងបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនមួយដែលបានបំពានកម្មសិទ្ធិបញ្ញា ព្រោះតែយករូបភាពរបស់នាងឆ្មានេះ ទៅបោះពុម្ពលើផលិតផលជំនួញរបស់ខ្លួន។
ផ្ទៃមុខក្រញ៉ូវជានិច្ចរបស់នាងឆ្មា Tardar ។
តាម BBC ក្រុមហ៊ុន Grumpy Cat បានប្តឹងម្ចាស់ក្រុមហ៊ុន Grenade ដោយបានយករូបភាពរបស់នាងឆ្មាមុខក្រញ៉ូវទៅបោះពុម្ពលើផលិតផលខ្លួន។ តាមនោះ Grenade ដែលជាចុងបណ្តឹងធ្លាប់បានសហការជាមួយ Grumpy Cat និងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់រូបភាពរបស់នាងឆ្មាលើផលិតផលកាហ្វេទឹកកក Grumppuccino។ ប៉ុន្តែក្រុមហ៊ុន Grenade បានយករូបភាពទៅបោះពុម្ពលើផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុនខ្លួន។
នាងឆ្មាមួយនេះ មានឈ្មោះពិតថា Tardar Sauce នៅឆ្នាំ ២០១៣ វាត្រូវបានក្រុមហ៊ុនភេសជ្ជៈ Grenade ចុះកិច្ចសន្យាឲ្យ Tardar ក្លាយជាផ្ទៃមុខតំណាងសម្រាប់បោះពុម្ពលើផលិតផលកាហ្វេទឹកកកលក់ចេញលើទីផ្សារក្នុងតម្លៃ ១៥០.០០០ដុល្លារ។
នៅឆ្នាំ ២០១៥ Grumpy Cat ដែលជាក្រុមហ៊ុនតំណាងឲ្យ Tardar បានរកឃើញថា Grenade ពុំត្រឹមតែលក់កាហ្វេប៉ុណ្ណោះទេ ថែមទាំងយករូបភាពនាងឆ្មាមុខក្រញ៉ូវទៅបោះពុម្ពលើអាវរងាសម្រាប់ដាក់លក់ទៀត។
Tardar -នាងឆ្មាមុខក្រញ៉ូវត្រូវបានប៉ាន់ស្មានថា ផ្ទៃមុខរបស់វា បានជួយឲ្យគេរកបានប្រាក់ចំណូលរាប់លានដុល្លារ។
ចុងក្រោយ តុលាការរដ្ឋកាលីហ្វ័រញ៉ា បានឈរនៅខាងឆ្មា Tardar ព្រមទាំងម្ចាស់របស់វា គេសំណូមឲ្យ Grenade ត្រូវសងឲ្យក្រុមហ៊ុម Grumpy Cat នូវទឹកប្រាក់ ៧១០.០០០ដុល្លារ ពីបទបំពានកម្មសិទ្ធិ និងខ្ទង់ពិន័យនិមិត្តរូប ១ដុល្លារ។
ទោះយ៉ាងណា នាងឆ្មាមុខក្រញ៉ូវ Tardar បានត្រឹមបង្ហាញវត្តមានដូចផ្លេកបន្ទោរក្នុងសវការកាលពីខែមករា ២០១៨ ដោយពុំមានវត្តមាននៅក្នុងសវនាការដេញដោល និងកាត់ក្តីឡើយ៕ ចន្ទ្រា