Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ដល់​ថ្នាក់ដឹកនាំ​សុខាភិបាល​ខេត្ត មន្ត្រី​ពេទ្យ ត្រូវ​បន្ត​យកចិត្តទុកដាក់ លើ​ការព្យាបាល​អ្នកជំងឺ និង​ត្រូវមាន​ក្រមសីលធម៌

spot_img

ខេត្តស្វាយរៀង​៖ លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ម៉ែន វិបុល​អភិបាល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ សាលាខេត្ត​ស្វាយរៀង ។​

​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​លើកឡើងថា ក្នុងនាម​តំណាង​ឲ្យ​រដ្ឋបាលខេត្ត សូម​ថ្លែង​នូវ​ការ​សាទរ​ចំពោះ​ការដាក់​ឲ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត និង​គាំទ្រ​ពេញទំហឹង​ចំពោះ​ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ ធនធានមនុស្ស និង​រចនាសម្ព័ន្ធ​រប​ស់​មន្ទីរ​សុខាភិបាល​ខេត្ត ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ខេត្តស្វាយរៀង ដែលជា​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ជាការ​ផ្ទេរ​សិទ្ធិអំណាច និង​ការទទួលខុសត្រូវ​រប​ស់​ក្រសួងសុខាភិបាល មក​រដ្ឋបាលខេត្ត ដែលជា​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ពិសេស​ការ​បង្ខិត​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​ជិត ប្រជាពលរដ្ឋ ក្នុងការ​ចូលរួម​គាំពារ​សុខុមាលភាព​ប្រជាជន​ដល់​មូលដ្ឋាន​។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​បញ្ជាក់ថា ការរៀបចំ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ និង​ផ្តល់​ការណែនាំ​អំពី​គោលការណ៍​សំខាន់ៗ ជូន​ដល់​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាលខេត្ត រួមទាំង​ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត អំពី​ការចាប់ផ្តើម​ជា​ផ្លូវការ​នូវ​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​លើ​ការគ្រប់គ្រង ការចាត់ចែង និង​ការផ្តល់សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ មាន​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ស្របតាម​គោលការណ៍​បែបបទ និង​នីតិវិធី​ថ្មីៗ ដូច​បានកំណត់​ក្នុង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​មុខងារ​ក្នុង​វិស័យ​សុខាភិបាល​ទៅឱ្យ​រដ្ឋបាលខេត្ត​។

​លោក​បាន​បន្តថា ផ្អែកលើ​ប្រព័ន្ធគ្រប់គ្រង​ថ្មី​នេះ ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត នឹង​ក្លាយទៅជា​អ្នកទទួលខុសត្រូវ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន អំពី​លទ្ធផល​នៃ​ការបំពេញ​ការងារ​ពាក់​ព័ន្ធ នឹង​ការផ្តល់សេវា​សុខាភិបាល​នានា​ដែល​បាន​ប្រគល់ឱ្យ គឺ​ផ្អែកលើ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល​។ ទន្ទឹមនេះ ត្រូវមាន​គណនេយ្យភាព និង​មានការ​ទទួលខុសត្រូវ​ចំពោះ​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត ក្នុងការ​គ្រប់គ្រង ការចាត់ចែង ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ការតាមដាន​ត្រួតពិនិត្យ​លើ​ការផ្តល់សេវា​សុខាភិបាល​ដែល​បានប្រគល់ ទៅឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត ក៏ដូចជា​រដ្ឋបាលខេត្ត​ស្វាយរៀង​បាន​រៀប​ពិធី​ប្រកាស​នៅ​ព្រឹក​នេះ ។​

​លោក​អភិបាលខេត្ត បានស្នើ​ដល់​ថ្នាក់ដឹកនាំ​សុខាភិបាល​ខេត្ត​គ្រប់​ជាន់ថ្នាក់​ក៏ដូចជា មន្ត្រី​ពេទ្យ ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការព្យាបាល​អ្នកជំងឺ និង​ត្រូវមាន​ក្រមសីលធម៌ លក្ខណ​:​សម្បត្តិ​ក្នុងការ បំពេញការងារ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​៕

ដោយ៖វ៉ៃ​កូ​

 

spot_img
×