ខេត្តព្រះសីហនុ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា កិច្ចប្រជុំពិនិត្យទៅលើសេចក្តីព្រាងច្បាប់ចុងក្រោយ ស្តីពីសិទ្ធិទទួលបានព័ត៌មាន បានបញ្ចប់ហើយ បន្ទាប់ពី សេចក្ដីព្រាងច្បាប់នេះ ត្រូវបានលើកយកទៅពិភាក្សាគ្នា ជាមួយស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិជាច្រើនលើកច្រើនសាររួចមក។
កិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មានលើកចុងក្រោយនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
នៅក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំស្តីពីកាពិនិត្យលើ សេចក្តីព្រាងច្បាប់ខាងលើ កាលពីព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា នាខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ក៏មានវត្តមាន ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានចូលរួមជាអធិបតីដែរ។
នាឱកាសនោះ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្តល់សម្ភាសអោយអ្នកសារព័ត៌មានដឹង ក្រោយបញ្ចប់កិច្ចប្រជុំបាន ដោយចាត់ទុកថា ការបញ្ចប់កិច្ចប្រជុំពិនិត្យទៅលើសេចក្តីព្រាងច្បាប់នេះ គឺជាជោគជ័យមួយ ដែលកម្ពុជា សម្រេចបាននៅដផមឆ្នាំ២០១៨នេះ។
លោកបន្តថា ការបញ្ចប់ការពិនិត្យ ទៅលើសេចក្តីព្រៀងច្បាប់ ស្តីពីសិទ្ធិទទួកបានព័ត៌មាន នេះ គឺមានញ្រុមអង្គការសង្គមស៊ីវិលជាតិអន្តរជាតិ បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សារួមគ្នា ជាមួយក្រសួងព័ត៌មាន ឬ រដ្ឋាភិបាល ដោយផ្ទាល់ ដែលសកម្មភាពដូចគ្នានេះ សូម្បីតែនៅលើពិភពលោកទាំងមូល ក៏កម្រអនុវត្តបានដូចកម្ពុជានោះទេ។
ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ជាក់បន្ថែមថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ទំនងជានឹងចេញអោយប្រើប្រាស់ ក្នុងពេលដ៏ឆាប់ខាងមុខ បន្ទាប់ពីបានពិនិត្យសម្រេចចុងក្រោយក្នុងកិច្ចប្រជុំនាពេលនេះ ហើយបន្ទាប់មកនឹងដាក់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើរសុំបើកកិច្ចប្រជុំអន្តរក្រសួង បន្ទាប់មកដាក់ចូលទៅគណៈរដ្ឋមន្ត្រី និងចុងក្រោយសេចក្តីព្រៀងច្បាប់នេះ នឹងដាក់ជូនរដ្ឋសភា និងស្ថាប័នជំនាញពាក់ព័ន្ធពិនិត្យសម្រេចចុងក្រោយ។
លោក ខៀវ កាញារីទ្ធ អោយដឹងថា កិច្ចប្រជុំនេះដែរ ក៏បានផ្លាស់ប្តូរយោបល់ និងទស្សនៈផ្សេងៗគ្នា ដើម្បីយកមកច្របាច់បញ្ជូលគ្នា បង្កើតបានទៅជាសេចក្តីព្រាងងច្បាប់មួយ មានលក្ខណៈតាមបែបស្តង់ដាអន្តរជាតិតែម្តង។
នាឱកាសនោះដែរ លោកស្រី Anne Lemaistre តំណាងអង្គការយូនីស្កូ ប្រទេសកម្ពុជា ក៏បានចាត់ទុកថា ការពិនិត្យបញ្ចប់ចុងក្រោយ សេចក្ដីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាននេះ គឺជាជោគជ័យមួយសម្រាប់ប្រទេសកម្ពុជា ហើយក៏ជាលើកទី១ដែរ ដែលកម្ពុជា បានរៀបចំកិច្ចប្រជុំ ពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលមានសមាភាពចម្រុះ មានសមាភាពមកពីក្រុមអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ រួមសហការគ្នាជាមួយរាជរដ្ឋាភិបាល បានរួមគ្នាពិនិត្យលើសេចក្តីព្រៀងច្បាប់ដ៏មានសារៈសំខាន់មួយនេះ។
បញ្ហានេះ លោកស្រីចាត់ទុកថា ជាគំរូដ៏ល្អមួយសម្រាប់ប្រទេកម្ពុជា នៅក្នុងតំបន់អាស៊ាន ក៏ដូចជា សម្រាប់ពិភពលោកទាំងមូល ដែលកម្ពុជា អាចសម្រេចបាន នូវសមិទ្ឋិផលដ៏មានសារៈសំខាន់ និងមានលក្ខណៈស្តង់ដាអន្តរជាតិនៅពេលនេះ។
ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន មាន 9 ជំពូកចែកចេញជា 39មាត្រា ច្បាប់នេះមានគោលបំណងធានាអោយសាធារណជនគ្រប់ៗរូប នូវសិទ្ធិ និងសេរីភាពក្នុងការទទួល ព័ត៌មាន។
ច្បាប់នេះ ក៏បានចែកពីភារកិច្ចនៃស្ថាប័នសាធារណៈនានា ត្រូវផ្ដល់ និងធ្វើការផ្សព្វផ្សាយព័ត៌មាន ជាសាធារណៈ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា 19 នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស៕ ដែន សីមា