Sunday, November 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរជិត១៤,០០០ នាក់ មកកម្សាន្តលេងថ្ងៃឈប់សម្រាកបុណ្យអុំទូកបីថ្ងៃលើទឹកដីខេត្តកូនពៅ

ត្បូងឃ្មុំ ៖ នៅលើទឹកដីត្រើយខាងកើតទន្លេមេគង្គគឺជាខេត្តកូនពៅដែលបានបង្កើតថ្មី។ ជាមួយនោះគេបានសង្កេតឃើញមានភ្ញៀវដើរកម្សាន្តលេងតាមរមណីយដ្ឋានធម្មជាតិនិងរមណដ្ឋានកែច្នៃជាច្រើនកន្លែង។ជាក់ស្ដែងមន្ទីរទេសចរខេត្តត្បូងឃ្មុំ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរាយការណ៍ពីកំណើនភ្ញៀវទេសចរ ធ្វើដំណើរកំសាន្តតាមតំបន់រមណីយដ្ឋាន នានាក្នុងខេត្តត្បូងឃ្មុំ នាឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល បី ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានភ្ញៀវទេសចរ សរុបចំនួន ១៣,៨៥៧ នាក់ សព្វថ្ងៃអាជ្ញាធរខេត្តយកជាទុកដាក់អភិវឌ្ឍន៍តំបន់រដ្ឋបាលខេត្តធ្វើយ៉ាងណាទាក់ទាញភ្ញៀវឲ្យមកលេងកាន់តែច្រើន។

បើតាមរបាយការណ៍របស់មន្ទីរទសចរណ៍បានបង្ហាញថា ភ្ញៀវទេសចរទាំងអស់គឺជាជនជាតិខ្មែរ ខណៈមិនមានទេសចរបរទេសឡើយ ក្នុងអំឡុងពេលនេះ។ តួលេខនេះបានកើនឡើងគួរឲ្យកត់សម្គាល់រហូតដល់ ៩៤.៧៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ ដែលមានភ្ញៀវសរុបត្រឹមតែ ៧,១១៤ នាក់ប៉ុណ្ណោះ។ កំណើននេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើន នៃវិស័យទេសចរផ្ទៃក្នុង និងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋចំពោះតំបន់កម្សាន្តជាច្រើន ក្នុងខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះដែរ មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ក៏បានចាត់មន្ត្រីចុះណែនាំដល់ម្ចាស់អាជីវកម្មទេសចរណ៍នានា ឲ្យរក្សានូវតម្លៃផលិតផល និងសេវាកម្មឲ្យបានសមរម្យ និងតម្លាភាព ដោយតម្រូវឲ្យសរសេរតម្លៃឲ្យបានច្បាស់លាស់ ក្នុងបញ្ជីមុខម្ហូប ដើម្បីជៀសវាងការឡើងថ្លៃហួសហេតុ។

ទន្ទឹមនឹងនេះដែរ មន្ត្រីក៏បានជំរុញឲ្យភ្ញៀវទេសចរទាំងអស់ ចូលរួមថែរក្សាបរិស្ថាន ដោយណែនាំឲ្យវេចខ្ចប់ និងទុកដាក់សម្រាមក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ ដើម្បីរក្សាបាននូវអនាម័យ និងសោភ័ណភាពតាមតំបន់រមណីយដ្ឋាន ដែលនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរប្រកបដោយនិរន្តរភាពក្នុងខេត្ត៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×