កំពង់ស្ពឺ ៖ ដើមទុរេន ប្រមាណជាង២០០០ដើម កំពុងដាំដុះដាំ នៅក្នុងភូមិស្រែព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ការដាំទុរេនលើកដំបូងនៅខេត្តកំពង់ស្ពឺនេះ កំពុងបានផល និងត្រូវការជំនួយបច្ចេកទេសបន្ថែមទៀត។
ចំការទុរេននេះ មានម្ចាស់ឈ្មោះ កុម តេង អាយុ ៥២ឆ្នាំ កំពុងដាំដុះនៅទីតាំងខាងលើ ហើយមានអាយុ ៤ឆ្នាំ និងកំពុងទទួលបានផលបណ្ដើរៗ ប្រមាណជា១០%។ ទន្ទឹមនឹងចំការទុរេននេះត្រូវការជំនួយបច្ចេកទេសពីអ្នកមានបទពិសោធន៍ ពិសេសត្រូវការជួយជ្រោមជ្រែងពីអ្នកដែលពាក់ព័ន្ធ ដើម្បីឱ្យការដាំនេះមានភាពជោគជ័យទៅថ្ងៃអនាគត។
ជាមួយគ្នានេះ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានដឹកនាំក្រុមការងារជំនាញចុះទៅដល់ចំការផ្ទាល់ និងបានពិនិត្យមើលការដាំដុះរបស់កសិករ។ ដោយលោកអភិបាលខេត្ត និងមន្ត្រីជំនាញបានផ្តល់នៅអនុសាសន៍អំពីការថែទាំ និងរបៀបដាំដុះបន្ថែម ឱ្យស្របតាមបច្ចេកទេសកសិកម្ម ដើម្បីឱ្យទទួលបានផលចំណេញទៅតាមកម្រិតនៃការដាំដុះ។
គួរបញ្ជាក់ថា កម្ពុជាមានចំការទុរេន ដាំដុះជាច្រើន ដូចជានៅខេត្តកំពត កែប ព្រះសីហនុ កោះកុង បាត់ដំបង ប៉ៃលិន កំពង់ចាម និងមណ្ឌលគិរី ជាដើម ហើយសម្រាប់ខេត្តកំពង់ស្ពឺនេះ គឺជាលើកដំបូងដែលកសិករបានយកមកដាំដុះ បន្ទាប់ពីដំណាំទំពាំងបាយជូ និងស្រកានាគ៕
ដោយ៖សម្ផស្ស