ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ម៉ាកផលិតផលអង្ករ «ម្លិះអង្គរ» គឺផ្តោតទៅលើប្រភេទអង្ករក្រអូបពិសេសរបស់កម្ពុជា មានដូចជា អង្ករផ្ការំដួល, ផ្ការំដេង និងផ្ការមៀត ដែលអង្ករទាំងនេះមានការពេញនិយមពីទីផ្សារអន្តរជាតិ ហើយងាយស្រួលរកទីផ្សារ។
ម្យ៉ាងវិញទៀត ការបង្កើតផលិតផលម៉ាកអង្ករនេះ ដោយមើលឃើញថា ប្រភេទស្រូវទាំង៣ប្រភេទនេះ គឺកសិករប្រមូលផល ដំណាលគ្នា និងអ្នកទិញពិបាកទុកដាក់នៅពេលចុះប្រមូលទិញពីកសិករ។
លោកឧកញ៉ា សុង សារ៉ន បានអំពាវនាវដល់ក្រុមហ៊ុននាំចេញអង្ករដែលធ្លាប់ប្រើឈ្មោះអង្ករ «ផ្កាម្លិះ» គួរប្តូរទៅដាក់ផលិតផលម៉ាកអង្ករ «ម្លិះអង្គរ» វិញ ដើម្បីលើកស្ទួយអង្កររបស់កម្ពុជា។ លោកឧកញ៉ា បានអះអាងថា ចាប់តាំងពីឆ្នាំ ២០១៨ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្កើតផលិតផលម៉ាកអង្ករខ្មែរមួយ ដែលមានឈ្មោះថា «ម្លិះអង្គរ» ដែលត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា និងអន្តរជាតិ ហើយក្រុមហ៊ុននាំចេញអាចប្រើវាបានជាទូ ទៅទាំងអស់គ្នា។
ជាមួយគ្នានេះ អ្នកជំនាញផ្នែកផលិតពូជស្រូវ ស្នើឲ្យក្រុមហ៊ុននាំចេញអង្ករកម្ពុជា កុំយកអង្ករ «ផ្ការំដួល» ទៅដាក់ឈ្មោះអង្ករ «ផ្កាម្លិះ។ អ្នកជំនាញ លើកឡើងថា ការធ្វើបែបនេះ អាចនឹងធ្វើឲ្យបាត់បង់តម្លៃកេរ្តិ៍ឈ្មោះ «អង្ករផ្ការំដួល» ដែលជាអង្ករក្រអូបរបស់កម្ពុជាតែមួយគត់បានឈ្នះពាន់រង្វាន់លេខមួយជាអង្ករឆ្ងាញ់ជាងគេ នៅលើពិភពលោកចំនួន ៤ឆ្នាំ។
ម្យ៉ាងវិញទៀត វានឹងធ្វើឲ្យកសិករមានភាពច្របួកច្របល់ភ័ន្តច្រឡំពូជ និងរាំងស្ទះដល់ការផលិតស្រូវក្រអូបសម្រាប់បម្រើឲ្យការនាំចេញ។
ជុំវិញការបញ្ហានេះ លោកឧកញ៉ា សុង សារ៉ន បានទទួលស្គាល់ថា សព្វថ្ងៃពិតជាមានក្រុមហ៊ុននាំចេញអង្ករមួយចំនួននៅកម្ពុជា បានប្រើប្រាស់ឈ្មោះអង្ករផ្កាម្លិះដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស ដោយសារឈ្មោះអង្ករផ្កាម្លិះនេះ គឺស្រដៀងគ្នានឹងអង្ករក្រអូបរបស់ថៃ ដែលមានទីផ្សារទូលំទូលាយងាយស្រួលលក់ ខណៈដែលថៃមានបទ ពិសោធន៍ច្រើនឆ្នាំជាងកម្ពុជា ទៅលើវិស័យនាំចេញអង្ករនេះ។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញ កន្លងមក កម្ពុជា ធ្លាប់រងបណ្តឹងពីពាណិជ្ជករថៃពាក់ព័ន្ធករណីប្រើឈ្មោះអង្ករ ផ្កាម្លិះ ដែលភាគីថៃអះអាងថា ជាឈ្មោះអង្ករក្រអូបរបស់ខ្លួន ប៉ុន្តែយ៉ាងណាក៏ដោយការប្តឹងនេះភាគីថៃមិនទទួលជោគជ័យនោះទេ៕
ដោយ៖សម្ផស្ស