ខេត្តស្វាយរៀង៖ កម្មករ កម្មការិនី និយោជិតប្រមាណ ចំនួន៦.១៧០នាក់ នៅស្វាយរៀងត្រូវបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល និងក្រុមហ៊ុន រោងចក្រ សហគ្រាស បន្ទាប់ពីក្រុមគាត់ត្រូវបានថៅកែរោងចក្រ ព្យូរការងារមួយរយៈដោយវិបត្តិជំងឺកូវីដ១៩ កើតនៅទូទាំងពិភពលោក។
លោក អ៊ូ សាខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា ដោយមានវិបត្តិជំងឺ កូវីដ១៩ រួមនិង វត្ថុធាតុដើមផលិតមិនគ្រប់គ្រាន់ ពិសេសជួបកង្វះទីផ្សារ និងអ្នកបញ្ជាទិញលក់ផលិតផលច្រើន ដូចពេលមុន គិតមកដល់ថ្ងៃទី១០ ខែមិថុនាម្សិលមិញនេះ នៅក្នុងតំបន់សេដ្ឋកិច្ច ស្វាយរៀង មានក្រុមហ៊ុន និងរោងចក្រ ចំនួន១៦ ត្រូវបានថៅកែ សុំព្យូរកិច្ចសន្យាការងារ តាមប្រព័ន្ធស្វយ័ប្រវត្តិកម្ម ដោយដាក់ឲ្យកម្មករ និយោជិត សម្រាកពីការងាររយៈពេលខ្លីចំនួន ៨.៦៤៨នាក់ ក្នុងចំណោមកម្មករ បម្រើការងារទាំង១៦ក្រុមហ៊ុនចំនួន ២.២៧៤៦នាក់ ។
លោកបានបញ្ជាក់ថា ក្នុងចំណោមកម្មករ កម្មការិនី និងនិយោជិត ដែលក្រុមហ៊ុន រោងចក្រ សហគ្រាស ចំនួន១៦ ដាក់ឲ្យសម្រាកការងាររយៈពេលខ្លី តាមរយៈមន្ទីរការងារ ចេញលិខិតអនុញ្ញាតព្យួរការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម មានកម្មករនិយោជិត ចំនួន ៦.១៧០នាក់ ដែលបម្រើការងារនៅក្នុងក្រុមហ៊ុនចំនួន១១ក្រុមហ៊ុន បានទទួលថវិកាពីរាជរដ្ឋាភិបាលក្នុងមួយខែចំនួន ៤០ដុល្លារ និង៣០ដុល្លារទៀត ពីថៅកែរួចរាល់ហើយ នៅប៉ុន្មានថ្ងៃនេះ ដើម្បីទ្រទ្រង់ជីវភាព បន្ទាប់ពីថៅកែបានព្យួរការងារដល់ពួកគាត់ទាំងជាង៨ពាន់នាក់ ហើយមន្ទីរនិងបន្តសម្របសម្រួលបើកផ្តល់ឲ្យក្រុមកម្មករបន្ថែមទៀត បន្ទាប់ពីក្រុមការងារជំរឿនចំនួនកម្មកររួច ។
ខេត្តស្វាយរៀង ជាខេត្តមួយដែលរាជរដ្ឋាភិបាល បានបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស នៅឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស ដល់ទៅចំនួន១១តំបន់ នៅក្នុងដំណើរការផលិតផលិផលនាំចេញរបស់រោងចក្រ សហគ្រាស ចំនួន៨តំបន់ ទោះមានវិបត្តិជំងឺកូវីដ១៩ បានផ្ទុះនៅក្នុងពិភពលោក ហើយមិនសូវដំណើរការផលិតនោះ នៅទូទាំងខេត្តមានក្រុមកម្មករ កម្មការិនី និងនិយោជិតចំនួនតែជាង ៨ពាន់នាក់ ក្នុងចំណោម កម្មករជាង៧ម៉ឺននាក់ ដែលកំពុងប្រតិបត្តិការងារជំនាញរបស់ពួកគេផងដែរ៕
ដោយ៖វ៉ៃកូ