ភ្នំពេញ-ក្រោយពេលប្រារព្ធពិធី កម្រាលព្រំក្រហមដែលរៀបចំឡើងដោយសាកលវិទ្យាល័យ ន័រតុន និង គ្រួសារតារាកម្ពុជា កាលពីថ្ងៃទី២៩ កញ្ញា នឹងប្រមូលថវិកាបានជិតមួយម៉ឺនដុល្លារ បូករួមទាំងការលក់ផលិតផលរបស់សិស្សនិស្សិត ហើយបានពាំនាំយកថវិកានេះ ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីព្រឹកថ្ងៃពុធ ទី១១ តុលា
លោកផាត់ តារារដ្ឋ ស្ថាបនិក “គ្រួសារតារាកម្ពុជា” បានអះអាងថា នេះជាឆ្នាំទី២ ដែលសាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជាបានរៀបចំ ព្រឹត្តិការណ៍កម្រាលព្រំសប្បុរធម៌ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា តែជាលើកទី១ដែលកម្មវិធីនេះទទួលជោគជ័យព្រោះអត់រំខានដោយភ្លៀង ហើយមានការចូលរួមដោយតារាល្បីៗលំដាប់ប្រដាប់ប្រទេសរហូតដល់ជាង៨០រូបបង្ហាញខ្លួន បើធៀបនឹងការប្រគំតន្ត្រីកាលពីឆ្នាំមុនត្រូវបានរំខានដោយភ្ញៀង។
យ៉ាងណាមិញ លោកថាថវិកាកាលពីឆ្នាំមុនគឺបានចំនួនជាង៤ពាន់ដុល្លារផងដែរ បើទោះជាមានការរំខានដោយភ្ញៀងស្ទើរតែមិនអាចអោយតារាសិល្បៈច្រៀងរាំបានតាមការគ្រោងទុក។
ដោយឡែកនៅក្នុងឆ្នាំលោកថាព្រឹត្តិការណ៍ដែលបានរៀបចំនៅក្នុងបរិវេណសាកលវិទ្យាល័យន័រតុនកាលពីថ្ងៃទី២៩ កញ្ញា គឺបានទទួលជោគជ័យយ៉ាងខ្លាំង ដោយសារតែគ្មានរំខានដោយភ្លៀង ហើយតារាសិល្បៈល្បីឈ្មោះសុទ្ធតែបានចូលរួមច្រៀងរាំដោយគ្មានអវត្តមាន។
អីចឹងហើយទើបព្រឹត្តិការណ៍មួយនេះទទួលបានជោគជ័យហួសពីការស្មានដោយទទួលបានថវិការហូតដល់៩៨៨៣ដុល្លារ ហើយសរុបទាំងថវិកាដែលបរិច្ចាគបន្ថែមក្នុងម៉ោងប្រគល់នោះ គឺទទួលបានចំនួន 9923,3 ដុល្លារសហរដ្ឋអាមេរិក។ លោកថានេះជាជោគជ័យគួរអោយសរសើរដែលបានកើតចេញពីការផ្ដើមគំនិតរបស់ថ្នាក់ដឹកនាំ និងនិស្សិតសាកលវិទ្យាល័យន័រតុន
និង”គ្រួសារតារាកម្ពុជា”។ ក្នុងថ្ងៃប្រគល់លុយនោះ ក្រៅពីតំណាងន័រតុន ក៍មានតារាៗចូលរួមប្រគល់ដូចជា អ្នកនាងស៊ុន ណារីម៉ូនីកា កញ្ញា នីនិច្ច កញ្ញាណាតាហ្សា តួឯកស្រីកំណត់ហេតុនាងនាថ កញ្ញាពេជ្រ អាវីហ្សា កញ្ញា មាស អាលីស កញ្ញា ពេជ្រ ចរណៃ លោកMC លីហេង លោកវង្ស ថាណាន់ លោកស៊ីឡូ លោកមាស សៀវប៉ាយ និងតារាៗជាសមាជិករបស់គ្រួសារតារាកម្ពុជា ជាច្រើនរូបទៀត។
តំណាងសាកលវិទ្យាល័យនរ័តុនបានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលថ្នាក់ដឹកនាំ និងនិស្សិតទាំងអស់បានរួបរួមគ្នាជាមួយតារាសិល្បៈរបស់គ្រួសារតារាកម្ពុជា ហើយធ្វើអោយព្រឹត្តិការណ៍តាំងពិព័រណ៌ស្នាដៃប្រចាំឆ្នាំរបស់និស្សិតក្លាយជាមហាព្រឹត្តិការណ៍ប្រគំតន្ត្រីកម្រាលព្រំសប្បុរធម៌ ដោយទទួលបានថវិការរហូតដល់ជិត១ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕ដោយ-គីម ស្រីរ័ត្ន