បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់អាជីវករ ឈប់ការលក់ប្រភេទស្រាថ្នាំឈ្មោះ »ស្រាថ្នាំចិនសែ តាំងគួយ» នៅគ្រប់បណ្តាលទីផ្សារទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងខេត្ត រហូតដល់មានការជូនដំណឹងផ្លូវការពីរដ្ឋបាលខេត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ផងដែរថា ការអំពាវនាវនេះ បានធ្វើឡើងក្រោយពី នាពេលថ្មីនេះ មានបងប្អូនប្រជាពលរដ្ឋក្នុងស្រុកមង្គលវបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត បានទទួលទានស្រាថ្នាំខាងលើនេះ ដែលពុំមានប្រភពច្បាស់លាស់ បណ្តាលឲ្យពុលស្លាប់ និងខ្លះទៀតត្រូវបានសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់។
សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា បច្ចប្បុន្នមន្ទីរជំនាញ បានកំពុងយកវត្ថុតាង ទៅធ្វើតេស្តរកសារធាតុផ្សំ នឹងផ្សព្វផ្សាយជាព័ត៌មានក្នុងពេលខ្លីខាងមុខ។
កាលពីថ្ងៃទី១០និង១១ខែមិថុនាឆ្នាំ២០២០មន្ត្រីបានបន្តចុះដល់ផ្ទះតាមកន្លែងស្តុកកន្លែងលក់ដូរនៅមូលដ្ឋានភូមិឃុំក្នុងស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែតដើម្បីស្រាវជ្រាវករណីពលរដ្ឋកម្មករស្លាប់សង្ស័យក្នុងករណីពុលស្រាថ្នាំច្រកដបឈ្មោះស្រាថ្នាំចិនសែតាំងគួយ ស្រាថ្នាំសម្រួលសរសៃនិងក្រពះ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានឱ្យដឹងថា ការស្រាវជ្រាវនេះដើម្បីដឹងការពិតនៃមូលហេតុនិងសារធាតុចំណីដែលនាំឱ្យពុលដើម្បីចាត់វិធានការបន្ត។ គឺបន្ទាប់ពីពលរដ្ឋជាកម្មករ៦នាក់ស្លាប់ ២៧នាក់ទៀត ត្រូវសង្គ្រោះព្យាបាលបន្ទាប់ពីសង្ស័យពុលស្រាថ្នាំចិនសែដូចខាងលើកាលពីថ្ងៃទី៨ ៩ ខែមិថុនា ឆ្នាំ២០២០។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត វរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ និងកម្លាំងសមត្ថកិច្ច បានចុះពិនិត្យហាងលក់ស្រាថ្នាំយីហោ «តាំងកួយ» ក្រោយមានមនុស្សពុលស្លាប់ ព្រមទាំងបានរឹបអូសបានស្រា ៣៩៩៩ដប។
អាជ្ញាធរ និងមន្ត្រីជំនាញ បានចុះផ្សព្វផ្សាយអប់រំ និងទប់ស្កាត់ចរាចរ ព្រមទាំងស្នើសុំដល់បងប្អូនអាជីវករបញ្ឈប់ការលក់ស្រាថ្នាំចិនសែ «តាំងគួយ» និងប្រភេទស្រាស្រដៀងគ្នា ដល់អតិថិជនជាបណ្តោះអាសន្ន ក្នុងផ្សារត្រី ផ្សារថ្មី ក្រុងប៉ោយប៉ែត និងតាមដេប៉ូលក់ស្រាជុំវិញផ្សារ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
អាជ្ញាធរសង្កាត់ប៉ោយប៉ែត បានអំពាវនាវដល់បងប្អូនអាជីវករ ចូលរួមសហការជាមួយអាជ្ញាធរ បញ្ឈប់ការលក់យីហោស្រាប្រភេទខាងលើជាបណ្តោះអាសន្ន និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ទទួលទានស្រាប្រភេទនេះ ត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លួន និងក្រុមគ្រួសារ ដោយរង់ចាំមន្ត្រីជំនាញ ក្រសួង និងស្ថានប័នធ្វើការពិសោធន៍ ឲ្យបានត្រឹមត្រូវសិន មុននឹងលក់ឬទិញយកទៅពិសា។
សូមបញ្ជាក់ថា ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ ក្រោយពីការចុះពិនិត្យមន្ត្រីជំនាញរឹបអូស បានស្រាចិនសែសរុបចំនួន៣៩៩៩ដបស្មើ១៩៩៩៥លីត្រ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាល បានដាស់តឿនជាថ្មីដល់ប្រជាពលរដ្ឋនិយមផឹកស្រា ត្រូវប្រុងប្រយ័ត្នក្នុងការជាវស្រាមកពិសារ ហើយត្រូវជាវស្រាសមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ និងពិសារក្នុងកម្រិតតិចបំផុត។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ស្នើស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានមេត្តាពង្រឹងការត្រួតពិនិត្យសិប្បកម្ម និងទីតាំងផលិតស្រា ។ ជាពិសេសលប់បំបាត់ទីតាំងផលិតស្រា ដែលមិនមានច្បាប់អនុញ្ញាត ពីស្ថាប័នជំនាញ។ ដើម្បីរួមចំណែកទប់ស្កាត់ការពុលស្រានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអះអាងថា ក្រសួងសុខាភិបាល បានប្រឹងប្រែងសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីហានិភ័យ ដែលបណ្តាលមកពីការទទួលទានស្រា។
ចំណែកអាជ្ញាធរខណ្ឌជ្រោយចង្វា រួមជាមួយសមត្ថកិច្ចជំនាញ ដែលដឹកនាំដោយព្រះរាជអាជ្ញា បានចុះទៅឆែកឆេរទីតាំងម្ចាស់សិប្បកម្ម ផលិតស្រាថ្នាំនោះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែមិនមានវត្តមានម្ចាស់សិប្បកម្ម ខណៈពេលម្ចាស់សិប្បកម្ម បានរត់គេចខ្លួនបាត់ហើយ បន្ទាប់ពីដឹងស្រាថ្នាំរបស់ខ្លួន បង្កឲ្យមនុស្សស្លាប់ជិត១០នាក់ និងជាង២០នាក់ទៀត សង្គ្រោះបន្ទាន់មកនោះ៕
ដោយ៖កូឡាប