ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឃាត់ខ្លួន ហើយកសាងសំណុំរឿង បញ្ជូនមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋយកទ្រពសម្បត្តិអស់ជាង 3ម៉ឺនដុល្លារទៅសាលាដំបូងខេត្តកាលពីល្ងាចថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2020។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០មានករណីចោរលួចគាស់ផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយកន្លែង នៅចំណុចភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
ក្រោយពីមានករណីកើតឡើងប្រជាពលរដ្ឋបានមកដាក់ពាក្យបណ្ដឹងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
បន្ទាប់មកដោយមានការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយអាវុធហត្ថខេត្តកំពង់ស្ពឺ, ព្រះវិហារ, បន្ទាយមានជ័យ, ឧត្តរមានជ័យ និងខេត្តសៀមរាបបើកប្រតិបត្តិការតាមចាប់មុខសញ្ញា។
តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជាក់ថាជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបបានឈ្មោះ ប៉ិច ផាណ្ណៈ អាយុ៣៦ឆ្នាំ បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) និងយកទ្រព្យសម្បត្តិសរុបជាង៣៦.០០០ដុល្លារ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
ក្រោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ បទបញ្ជាពីថ្នាក់លើអាវុធហត្ថខេត្តស្ទឹងត្រែងតាមចាប់មុខសញ្ញានិងសហការជាមួយអាវុធហត្ថខេត្តដទៃទៀតរហូតឈានដល់ឃាត់ខ្លួនជនជនសង្ស័យកាលពីថ្ងៃទី៨ ខែមិថុនានៅស្រុកក្រឡាញ់ ខេត្តសៀមរាប។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនមកកាន់ខេត្តស្ទឹងត្រែងវិញ។
កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០អាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់។ដោយឡែកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយមានការអនុញ្ញាតពីលោក ជេត ខេមរា ត្រូវបានជំនាញការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រគល់ជូនជនរងគ្រោះវិញ។
ប្រភពពីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឲ្យដឹងនៅព្រឹកថ្ងៃទី 12 មិថុនានេះថាជនសង្ស័យពាក់ព័ន្ធករណីចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលមានតម្លៃជាង 3 ម៉ឺនដុល្លារកំពុងបន្តនីតិវិធីនៅតុលាការ៕ ដោយ៖ សុខុម