ក្រុមហ៊ុនទំនាក់ទំនងតាមវីដេអូ Zoom បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួនបានធ្វើការផ្អាកគណនេយ្យអ្នកប្រើប្រាស់មួយចំនួន និងបិទការប្រជុំតាមវីដេអូ ដែលជាប់ទាក់ទងនឹងការរំលឹកខួបនៃការបង្ក្រាបរបស់រដ្ឋាភិបាលចិននៅទីលាន Tiananmen នៅលើវេទិការរបស់ខ្លួន ក្រោយពេលរដ្ឋាភិបាលចិនបានទាមទារឲ្យខ្លួនធ្វើបែបនោះ។
Zoom ដែលបានក្លាយជាកម្មវីធីជួបជុំតាមអនឡានដ៏មានប្រជាប្រិយភាពខ្លាំង អំឡុងមានការផ្ទុះវីរុសកូរ៉ូណា បាននិយាយថា ខ្លួនមិនបានផ្តល់ព័ត៌មានអ្នកប្រើប្រាស់ ឬមាតិកានៃការប្រជុំដល់រដ្ឋាភិបាលចិនឡើយ។ ក្រុមហ៊ុននេះនិយាយទៀតថា ខ្លួននឹងមិនអនុញ្ញាតិឲ្យមានសំណើរបន្ថែមពីចិន ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ក្រៅប្រទេសចិនឡើយនៅថ្ងៃអនាគត។
ការប្រកាសរបស់ក្រុមហ៊ុនកើតឡើង ក្រោយពេលខ្លួនបានបិទគណនេយ្យបណ្តោះអាសន្នចំនួន ៣របស់សកម្មជន ដែលម្នាក់ជាសកម្មជននៅហុងកុង និង ២នាក់ទៀតនៅអាមេរិច។
លោក Zhou Fengsuo ស្ថាបនិកស្ថាប័នមនុស្សធម៌ចិន ដែលមានមូលដ្ឋាននៅអាមេរិចបាននិយាយថា គណនេយ្យរបស់គាត់ត្រូវបានផ្អាក ក្រោយពេលគាត់បានធ្វើព្រឹត្តិការណ៍ដើម្បីរំលឹកដល់ខួបលើកទី ៣១នៃការបង្ក្រារបស់រដ្ឋាភិបាលចិនលើអ្នកគាំទ្រប្រជាធិបតេយ្យនៅទីលាន Tiananmen។ ព្រឹត្តិការណ៍តាមវីដេអូនោះ មានការចូលរួមមើលជាច្រើនពីអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន។
Zoom ថ្លែងថា រដ្ឋាភិបាលចិនបានជូនដំណឹងអំពីគម្រោងជួបជុំរំលឹកធំៗចំនួន ៤ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាលសង្គម។ អាជ្ញាធរចិនបានទាមទារឲ្យក្រុមហ៊ុនផ្អាកព្រឹត្តិការណ៍ និងគណនេយ្យពាក់ព័ន្ធ។
ក្រុមហ៊ុនបានសម្រេចចិត្តធ្វើការបញ្ចប់ការជួបជុំចំនួន ៣ និងផ្អាកបណ្តោះអាសន្ននូវគណនេយ្យដែលជាអ្នករៀបចំ ហើយបច្ចុប្បន្នខ្លួនមិនអាចដកអ្នកចូលរួមពីការជួបជុំ ឬបិតមិនឲ្យអ្នកចូលរួមមកពីប្រទេសផ្សេងៗ ចូលរួមក្នុងកិច្ចប្រជុំតាមវីដេអូឡើយ។
សូមបញ្ជាក់ថា ការនូវការបង្ក្រាបបង្ហូរឈាមរបស់កងទ័ពចិនទៅលើក្រុមបាតុករ នៅទីលាន Tiananmeng កាលពីឆ្នាំ ១៩៨៩ បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters