ពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២និង២០នាទីរសៀល ពាក់ព័ន្ធករណីក្លែងបន្លំលុយក្រដាស់ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ នៅចំណុចភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជនសង្ស័យឈ្មោះតាំង តាយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិពោតាកួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានជិះម៉ូតូធុនធំ១គ្រឿង ធ្វើសកម្មភាពយកលុយក្រដាស់ប្រាក់ដុល្លារក្លែងក្លាយ មានក្រដាស់២០$ ទិញកាតទូរស័ព្ទស្មាត១$ ពីជនរងគ្រោះឈ្មោះខែក ធារៈ ភេទស្រី រស់នៅភូមិឃុំកើតហេតុខាងលើ។ បន្ទាប់មក ជនសង្ស័យឈ្មោះតាំង តាយ ក៏បន្តជិះម៉ូតូយកក្រដាស់ប្រាក់ដុល្លារក្លែងក្លាយ មាន៖ ក្រដាស់១០$ ទៅទិញកាតទូរស័ព្ទពីជនរងគ្រោះឈ្មោះប៉ុង សុបុត្រា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ជនរងគ្រោះពិនិត្យឃើញថា ក្រដាស់ប្រាក់ដុល្លារក្លែងក្លាយ ក៏ផ្តល់ព័ត៌មានជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងតែម្តង។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីអាជីវករអ្នកលក់ដូរ ភ្លាមៗនោះ សមត្ថកិច្ចចាត់វិធានការប្រើប្រាស់កម្លាំង និងមធ្យោបាយរថយន្ត១គ្រឿង ដេញប្រម៉ាញ់តាមចាប់ជនសង្ស័យ ហើយឃាត់ខ្លួននៅចំណុចក្បែរស្ពានក្របៅជ្រុំ ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការបន្ត។ លោកវរសេនីយ៍ឯកតាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ក្រោយពេលចាប់ឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចរកឃើញវត្ថុតាងមាន ៖ លុយដុល្លារក្លែងក្លាយដូចជា ក្រដាស់ប្រាក់១០$ ចំនួន៣២សន្លឹក ២០$ចំនួន៣សន្លឹក ៥០ដុល្លារចំនួន៩សន្លឹក ១០០$ដុល្លារ៣សន្លឹក ព្រមទាំងម៉ូតូ១គ្រឿង ម៉ាកអឹមអេះអ៊ិច ពាក់ផ្លាកលេខពោធិ៍សាត់ 1F.7767 ទៀតផង។
លោកតាន់ គារិទ្ធ បានបន្តថា ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចធ្វើឡើងតាមការសម្របសម្រួល របស់លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីយកជនសង្ស័យ មកធ្វើការសាកសួរ ហើយជនសង្ស័យបានសារភាពរួច សមត្ថកិច្ចបានកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ