រដ្ឋាភិបាលហុងកុង នៅថ្ងៃសុក្រនេះបានធ្វើការវាយបកវិញទៅលើរបាយការណ៍របស់អង់គ្លេស ដែលបានរិះគន់វិធានការរបស់ក្រុងប៉េកាំងក្នុងការដាក់ច្បាប់សន្តិសុខជាតិលើហុងកុង។ រដ្ឋាភិបាលហុងកុងនិយាយថា របាយការណ៍អង់គ្លេសមិនត្រឹមត្រូវ និងមានភាពលំអៀង។
រដ្ឋភិបាលអង់គ្លេសបានរិះគន់ថា សំណើរច្បាប់សន្តិសុខលើហុងកុងគឺជាការរំលោភយ៉ាងច្បាស់លើកាតព្វកិច្ចអន្តរជាតិរបស់ចិន និងការរំលោភលើរូបមន្តប្រទេសមួយ ប្រព័ន្ធពីរដែលបានគ្រប់គ្រងហុងកុង ចាប់តាំងពីអង់គ្លេសបានប្រគល់ហុងកុងអោយចិនវិញនៅឆ្នាំ ១៩៩៧។
“វានៅមានពេលវេលាសម្រាប់ចិនក្នុងការពិចារណាឡើងវិញ និងដកថយពីមាត់ជ្រោះ និងគោរពស្វ័យភាពរបស់ហុងកុង និងគោរពកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន”។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab ដែលសរសេរនៅក្នុងរបាយការណ៍ប្រចាំឆមាសទៅកាន់រដ្ឋាភិបាល។
លោកនិយាយបន្តថា ដំណោះស្រាយចំពោះភាពវឹកវរដែលបង្កឡើងដោយការប្រមូលផ្តុំហឹង្សាអស់រយៈពេលមួយឆ្នាំ នៅក្នុងទីក្រុង ត្រូវតែចេញពីរដ្ឋាភិបាលហុងកុងផ្ទាល់ មិនអាចចេញពីចិនដីគោកឡើយ។
ប៉ុន្តែ រដ្ឋាភិបាលហុងកុងបាននិយាយថា ខ្លួនប្រឆាំងដាច់ខាតចំពោះរបាយការណ៍ដែលមិនត្រឹមត្រូវ និងមានភាពលំអៀងទៅលើច្បាប់សន្តិសុខ និងស្វ័យភាពកម្រិតខ្ពស់របស់ហុងកុង។
អាជ្ញាធរនៅហុងកុង និងប៉េកាំងបានអះអាងថា ច្បាប់សន្តិសុខគឺនឹងផ្តោតទៅលើក្រុមបង្ករឿងមួយចំនួតូច ដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិ តែច្បាប់នោះវាមិនប៉ះពាល់ដល់សេរីភាព និងអ្នកវិនិយោគទុនឡើយ។
រដ្ឋាភិបាលហុងកុងបញ្ជាក់ក្នុងសេចក្តីប្រកាសដូច្នេះថា “រាល់ការចោទប្រកាន់ដែលថា ច្បាប់នោះនឹងបំផ្លាញសេរីភាពរបស់ប្រជាជនហុងកុង និងប្រទេសមួយ ប្រព័ន្ធពីរគ្រាន់តែជាការបំភាន់ប៉ុណ្ណោះ”។
សូមបញ្ជាក់ថា កាលពីខែមុន រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ស្នើច្បាប់សន្តិសុខជាតិដើម្បីគ្រប់គ្រងហុងកុង ប៉ុន្តែអ្នកជំនាញបានសម្តែងការព្រួយបារម្ភថា ច្បាប់នោះនឹងរឹតត្បិតសេរីភាពដល់ទីក្រុងហុងកុង។
អាមេរិចបានប្រកាសថា ទីក្រុងហុងកុងលែងមានស្វ័យភាពពីប្រទេសចិនទៀតហើយ និងបានដកឋានៈពាណិជ្ជកម្មពិសេសចេញពីទីក្រុង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters