ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង ដាក់បទបញ្ជាផ្ទាល់មាត់ ឲ្យមន្ទីរសុខាភិបាល និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពិនិត្យ លុបបំបាត់រាល់ពេទ្យធ្មេញ ឬជាងធ្មេញ ក្លីនិកឯកជន និងឱសថស្ថាននានា ដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ឲ្យខាងតែបាន ។ ឯកឧត្តម បានបញ្ជាក់ថា មន្ទីរសុខាភិបាល ត្រូវធ្វើកិច្ចការងារនេះឲ្យប្រាកដប្រជា ដើម្បីរាជធានីភ្នំពេញ ស្រស់បំព្រង កុំឲ្យមានបទល្មើសកើតឡើង ដោយគ្រប់គ្រង ទីតាំងក្លីនិកឯកជន ក៏ដូចជាគ្រប់គ្រងទីតាំងក្លីនិក ដែលអត់ច្បាប់ត្រូវលុបចោល ។
អភិបាលរាជធានីភ្នំពេញ ដាក់បញ្ជាយ៉ងម៉ឺងម៉ាត់ ដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងជាពិសេសអភិបាលខណ្ឌទាំង១៤ ត្រូវពិនិត្យជាបន្ទាន់ពេទ្យធ្មេញអត់ច្បាប់ ក្លីនិកអត់ច្បាប់និងឱសថស្ថានអត់ច្បាប់ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវបិទឈប់ឲ្យដំណើរការបន្តទៀតនាំឲ្យគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋ។
ក្នុងពិធី “ផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខា ភិបាល ស្ថិតក្រោមរចនសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ពេទ្យធ្មេញតាមត្រកូល ឬជាងធ្មេញខ្លះ ពីដើម កាលឆ្នាំ៨០មក គាត់មើលធ្មេញ ផ្ទេរពីឪទៅកូន ប៉ុន្តែអ្នកខ្លះគាត់មានគំនិត គាត់រៀនពីឪទៅកូន ជីវភាពធូរធារ គាត់ បានបញ្ជូនកូនទៅរៀនពេទ្យធ្មេញ ។ ក្រោយមកទៀត កូនគាត់ក៏ឈរជាពេទ្យធ្មេញ នឹងប្រកបរបអាជីវកម្ម បើកពេទ្យតទៅ ប៉ុន្តែអ្នកខ្លះទៀត មិនបានមានវិជ្ជាជីវៈនេះ មន្ទីរសុខាភិបាលត្រូវបិទឲ្យអស់ចំណុចនេះ ។ ឥឡូវនេះ កូវីដ១៩ បើយកពេទ្យធ្មេញ ទៅមើលធ្មេញទៀត រឹតតែមានបញ្ហា ដូច្នេះមន្ទីរសុខាភិបាលលុបបំបាត់ឲ្យខាងតែបាន “។
“ក្នុងនោះ ខណ្ឌទាំង១៤ ត្រូវមើលបញ្ហានេះ មិនមែនតែបញ្ហាពេទ្យធ្មេញមួយនោះទេ ក្លីនិកដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវត្រូវបិទ។ អភិបាលខណ្ឌទាំង១៤ ត្រូវដឹងក្លីនិកនៅក្នុងដែនសមត្ថកិច្ចខ្លួនឯងមានប៉ុន្មាន ផ្នែកអ្វីខ្លះ មានច្បាប់ឬគ្មានច្បាប់ ត្រួតពិនិត្យបញ្ហានេះ មិនបណ្តោយស្រេចតែចិត្តទេ” អភិបាលរាជធានីភ្នំពេញ បានណែនាំបន្ថែមយ៉ាងដូច្នេះ។
ឯកឧត្តម បានថ្លែងបន្តទៀតថា “រឿងព្យាបាលអ៊ីចឹងដែរ ក្លីនិកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ មានវិធានអ្វីខ្លះឲ្យប្រាកដប្រជា។ ខ្ញុំជឿជាក់ថាខណ្ឌទាំង១៤ មិនទាន់យកចិត្តទុកដាក់ដល់ចំណុចនេះទេ ។ ជួយគ្នាមិនមែនរឿងនេះ របស់សុខាភិបាលតែម្នាក់ឯងទេ ។ ឥឡូវនេះ រាជរដ្ឋាភិបាលបានផ្ទេរការងារនេះ មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ កាលពីមុន ចេះតែប្រឡំប្រកូវមានពេទ្យធ្មេញ មានជាងធ្មេញ ប៉ុន្តែមិនគួរឲ្យមានជាងធ្មេញខ្វះអ្វីពេទ្យធ្មេញយើង ចេញមកសញ្ញាបត្រប៉ុនណាប៉ុណ្ណី ស្រាប់តែឲ្យមានជាងធ្មេញទៀត មិចកើតជាងធ្មេញនឹងដាំពេជ្រដាំស្អីនឹង បើទោះដាំអ្វីក៏វាឆ្លងរោគដែរ ហើយវាមិនត្រូវនឹងបទដ្ឋានបច្ចេកទេសមិនត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល ។ អ៊ីចឹងអ្វីដែលអសកម្មលុបបំបាត់ចោល” ៕
ដោយ៖បញ្ញាស័ក្តិ