ភ្នំពេញ៖នាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ បានស្នើឲ្យ ពលរដ្ឋវៀតណាមទាំងអស់ បន្តគោរពច្បាប់របស់ប្រទេសកម្ពុជា ឲ្យបានត្រឹមត្រូវ ហើយ ពលរដ្ឋវៀតណាមដែលកាន់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អស់សុពលភាព សូម មកបន្តសុពលភាព និងកូនៗដែលគ្រប់អាយុ សូមអញ្ជើញមកដាក់ពាក្យស្នើសុំប័ណ្ណស្នាក់នៅ ឲ្យបានគ្រប់ៗគ្នា។
នា ថ្ងៃសុក្រ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យលោកប្រធានសមាគមវៀតណាម ប្រចាំនៅប្រទេសកម្ពុជា និងសមាជិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានវាយតម្លៃខ្ពស់ ចំពោះសមាគមដែលបានជួយបង្កលក្ខណៈងាយស្រួល ក្នុងការចូលរួម អនុវត្តច្បាប់របស់កម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលពលរដ្ឋវៀតណាមស្នាក់នៅប្រទេសកម្ពុជាកំពុងជួបប្រទះ។
នៅទីបញ្ចប់ឯកឧត្តម ននាយឧត្តមសេនីយ៍” បានស្នើឲ្យលោកប្រធានសមាគម និងសមាជិក ជួយបន្តខិតខំផ្សព្វផ្សាយ ដល់ពលរដ្ឋវៀតណាមទាំងអស់ ឲ្យបន្តគោរពច្បាប់របស់ប្រទេសកម្ពុជា ឲ្យបានត្រឹមត្រូវ ជាពិសេសសូមជូនដំណឹងដល់ ពលរដ្ឋវៀតណាមដែលកាន់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អស់សុពលភាព សូមអញ្ជើញមកបន្តសុពលភាព និងកូនៗដែលគ្រប់អាយុ សូមអញ្ជើញមកដាក់ពាក្យស្នើសុំប័ណ្ណស្នាក់នៅ ឲ្យបានគ្រប់ៗគ្នា”៕
ដោយ៖កូឡាប