ភ្នំពេញ៖ កីឡាប៉េតង់កម្ពុជាជាប្រភេទកីឡាសក្តានុពល នៅក្នុងចំណោមប្រភេទកីឡាសក្តានុពលនានា ដែលធ្លាប់ប្រជែងមេដាយមាស ប្រាក់ និងសំរឹទ្ធពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី រួមទាំងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម ជាច្រើនជំនាន់ជាបន្តបន្ទាប់។ ក្រោយពីវីរកីឡាការិនីដ៏ឆ្នើមបំផុតរបស់កម្ពុជា លោកស្រី កែ ឡេង ដែលជាម្ចាស់មេដាយមាសជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នាបានប្រកាសខ្លួនចូលនិវត្តន៍ ការខិតខំដើម្បីបន្តការប្រកួតប្រជែងមេដាយពីលើឆាកអន្តរជាតិ យកមកជូនជាតិមាតុភូមិរបស់ខ្លួនពីក្រុមជម្រើសជាតិឈុតធំ និងក្រុមថ្នាលពិត ជាត្រូវបន្តនូវកិច្ចការទាំងអស់នេះ។ នេះបើតាមការផ្សាយរបស់ Cambodia SEA GAMES 2023 នៅលើហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ
ថ្វីដ្បិតតែកីឡាប៉េតង់មិនមែនជាប្រភេទកីឡាអូឡាំពិក ប៉ុន្តែប្រភេទកីឡារបស់កម្ពុជាមួយនេះ បានកសាងសមិទ្ធផលធំៗពីកម្រិតជើងឯកពិភពលោកមកជូនជាតិ តាមរយៈការដណ្តើមមេដាយជាបន្តបន្ទាប់ចាប់តាំងពីអតីតប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចវិបុលបញ្ញា សុខ អាន, សម្តេចក្រឡាហោម ស ខេង និងបច្ចុប្បន្នឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។
ក្រុមជម្រើសជាតិត្រូវបានចែកចេញជាពីរកម្រិតគឺឈុតធំ និងក្រុមឈុតថ្នាល ដែលក្រុមថ្នាលយុវជននេះ គឺជាអ្នកបន្តវេននឹងឈានទៅចូលក្រុមធំពេលពួកគាត់ចម្រើនវ័យ១៨ឆ្នាំឡើងទៅ។ នៅក្នុងបទសម្ភាសន៍ លោក អ៊ុក យ៉ារី គ្រូបង្វឹកជម្រើសជាតិក្រុមថ្នាលកីឡាប៉េតង់មានប្រសាសន៍ថា ការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ នៃក្រុមជម្រើសជាតិថ្នាលយុវជននេះ គឺមានកីឡាករចំនួ១៧នាក់ ក្នុងនោះមានកីឡាករ១០ និងកីឡាការិនី៧នាក់ ដោយក្រសួងអប់រំ យុវជន និងកីឡាគាំទ្រឲ្យការហ្វឹកហាត់ក្រុមថ្នាលនេះ គឺពេញមួយឆ្នាំៗតែម្តង ដើម្បីពង្រឹងគុណភាពបច្ចេកទេសត្រៀមចូលរួមការប្រកួតអន្តរជាតិនានា នាពេលខាងមុខជាបន្តបន្ទាប់។
ក្រុមយុវជននេះមានអាយុ១៧ឆ្នាំចុះក្រោម ដែលតែងតែហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃតាមកម្មវិធីរបស់សហព័ន្ធ ដោយប្រភេទកីឡាប៉េតង់នេះ ត្រូវបានលោកអះអាងថា ខុសពីប្រភេទកីឡាមួយចំនួន ដែលត្រូវការការហ្វឹកហាត់រយៈពេលយូរឆ្នាំ ព្រមទាំងមានបទពិសោធន៍ច្រើនពីការប្រកួតលើឆាកអន្តជាតិនានា មុនពេលដែលត្រូវប្រកួតប្រជែង និងជ្រើសរើសចូលក្នុងក្រុមឈុតធំ។
ក្រុមយុវជនកីឡាប៉េតង់មិនទាន់ដណ្តើមបានមេដាយនៅក្នុងការប្រកួតជើងឯកពិភពលោកយុវជន និងស្ត្រី រៀងរាល់ពីរឆ្នាំម្តងនោះទេ ដោយធ្លាក់ត្រឹមវគ្គ១/៤ដូចៗគ្នា ដូចជាជើងឯកពិភពលោក ឆ្នាំ២០១៥ នៅប្រទេសថៃ, ជើងឯកពិភពលោក ឆ្នាំ២០១៧ នៅសាធារណរដ្ឋប្រជាមានិតចិន រួមទាំងការទទួលធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។ គ្រូជម្រើសជាតិឈុតយុវជនរូបនេះលើកឡើងពីការលំបាកនៃការប្រកួតប្រជែងក្នុងកម្រិតពិភពលោកនេះណាស់ គឺដោយសារកីឡាករនៃបណ្តាប្រទេសនានា ដែលចូលរួមមានបច្ចេក ទេសខ្លាំងក្លា ហើយសមាសភាពក្នុងក្រុមយុវជននេះមានការផ្លាស់ប្តូរជានិច្ច ក្នុងពេលដែលពួកគាត់ចម្រើនវ័យ១៨ឆ្នាំ ដែលសហព័ន្ធកីឡាប៉េតង់អន្តរជាតិកំណត់អាយុក្រោម១៧ឆ្នាំចុះ ឬក្រោម១៨ឆ្នាំចុះ មិនដូចជាក្រុមឈុតធំទេ ដោយកីឡាករ កីឡាការិនីឈុតធំមិនត្រូវបានកំណត់អាយុនោះឡើយ។
ប៉ុន្តែនៅក្នុងការប្រកួតជើងឯកអាស៊ី ដែលមានប្រទេសចូលរួម ១១ ឬ១២ប្រទេស ក្រុមជម្រើសជាតិយុវជនតែងតែដណ្តើមមេដាយមាសស្ទើររៀងរាល់ឆ្នាំ។
ចាប់តាំងពីឆ្នាំ២០១៤ ដែលលោក អ៊ុក យ៉ារី ចូលមកដឹកនាំក្រុមជម្រើសជាតិថ្នាលនេះ គឺកូនក្រុមរបស់លោកតែងតែដណ្តើមបានមេដាយមាស និងមេដាយប្រាក់ ជាបន្តបន្ទាប់ ហើយកម្រធ្លាក់ដល់មេដាយសំរឹទ្ធិណាស់ ដោយការយកឈ្នះមេដាយមាសនៅក្នុងការប្រកួតជើងឯកអាស៊ី នៅប្រទេសថៃ ឡាវ ម៉ាឡេស៊ី និងនៅប្រទេសវៀតណាម ឆ្នាំ២០១៩ លើកលែងតែនៅក្នុងឆ្នាំ២០១៨ ដែលដណ្តើមបានត្រឹមមេដាយប្រាក់។ នៅក្នុងការប្រកួតជើងឯកអាស៊ី លើកទី៣ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្រុមជម្រើសជាតិយុវជនកម្ពុជាដណ្តើមបានមេដាយមាស១លើវិញ្ញាសាក្រុម ៣ទល់៣ ដណ្តើមបានដោយកីឡាករ ភាព វ៉ាឃីម, ទីវ រដ្ឋា, កុយ សុភក្ត្រា និងកីឡាករ ជា ហេងឧត្តមរស្មី (បម្រុងម្នាក់) និងសំរឹទ្ធ១គ្រឿងដណ្តើមបាន ដោយកីឡាករ ភាព វ៉ាឃីម លើវិញ្ញាសាឯកត្តជន។
ជាមួយនឹងភាពលេចធ្លោនៃក្រុមថ្នាលយុវជននេះ លោកគ្រូ អ៊ុក យ៉ារី បានលើកបង្ហាញនូវកីឡាករ៤នាក់ ដែល មានសមត្ថភាពបច្ចេកទេសខ្ពស់ ដែលថ្មីៗនេះទើបដណ្តើមបានមេដាយមាសពីជើងឯកអាស៊ី ឆ្នាំ២០១៩។ កីឡាករ ទីវ រដ្ឋា ដែលជាម្ចាស់មេដាយមាសជើងឯកអាស៊ី ក្នុងចំណោម៤នាក់នោះបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំហ្វឹក ហាត់ឲ្យបានខ្លាំងក្លា និងប្រឹងប្រែងដុសខាត់សមត្ថភាពបច្ចេកទេសរបស់ខ្លួនឲ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីបន្តដំណើរចូលក្នុងក្រុមជម្រើសជាតិឈុតធំ នាពេលខាងមុខក៏ដូចជាត្រៀមខ្លួនចូលរួមការប្រកួតអន្តរជាតិនានា ជាពិសេស គឺស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណចក្រ ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ។ យុវជនរូបនេះបន្ថែមថា សម្រាប់ការគោរពពេលវេលានៃការហ្វឹកហាត់ ព្រមទាំងវិន័យជា ដើម គឺខ្លួនតែងតែអាចធ្វើបានតាមបង្គាប់របស់លោកគ្រូរបស់ខ្លួន ដោយហេតុថា វិន័យនេះហើយទើបធ្វើឲ្យការដុះខាត់ សតម្ថភាពកាន់តែមុះមុត ដើម្បីត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ស្ថិតនៅក្នុងក្រុមជម្រើសជាតិថ្នាលអស់រយៈពេល៥ឆ្នាំមកនេះ យុវជន ទីវ រដ្ឋា តែងតែបណ្តុះនូវឆន្ទៈ ដើម្បីឲ្យក្លាយខ្លួនជាកីឡាករឆ្នើម ក្នុងឈុតធំ នាពេលមុខ ដើម្បីប្រជែងមេដាយយកមកជូនជាតិ។
ក្នុងស្ថានភាពវិបត្តិកូវីដ-១៩ ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យហ្វឹកហាត់ជាជំហានៗឡើងវិញនេះ គឺប៉េតង់ហ្វឹកហាត់ត្រឹមតែ៣ម៉ោងទេ ប៉ុន្តែបើធម្មតាពេលមុនៗ ឬក្រោយចប់វិបត្តិជំងឺផ្លូវដង្ហើមនេះ គឺការហ្វឹកហាត់រយៈពេល៦ម៉ោង ក្នុង១ថ្ងៃៗ។ សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់នៃក្រុមជម្រើសជាតិថ្នាលនេះ មិនត្រឹមតែប្រភេទកីឡាប៉េតង់នោះទេ ប៉ុន្តែប្រភេទកីឡានានាក៏ត្រូវបានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡារៀបចំឲ្យមានហ្វឹកហាត់ពេញ១ឆ្នាំៗ ដើម្បីសម្រួចគោលដៅឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
«ការហ្វឹកហាត់ប្រចាំឆ្នាំ២០២០នេះ ដើម្បីបង្កើនសិទ្ធផលរបស់ក្រុមជម្រើសជាតិកីឡាប៉េតង់ឲ្យបានល្អ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី នាខែវិច្ឆិកា ឆ្នាំ២០២០ នៅប្រទេសថៃ ប្រសិនស្ថានភាពវិបត្តិជំងឺ១៩បានវិលមករកភាពល្អប្រសើរឡើងវិញ ហើយប្រសិនបើព្រឹត្តិការណ៍នៅប្រទេសថៃនេះត្រូវបានលើកពេល ឬលុបចោលទៀតនោះ គឺយើងត្រៀមការប្រកួតអន្តរជាតិ ជាបន្តបន្ទាប់ទៀតនាឆ្នាំ២០២១ ខាងមុខ ក៏ដូចជាត្រៀមប្រកួត ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ មុនពេលឈានដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។»
ស្ថិតនៅក្នុងវ័យ៦០ឆ្នាំ លោក អ៊ុក យ៉ារី មានប្រសាសន៍ឲ្យយើងដឹងទៀតថា ជាមួយនឹងការខិតខំហ្វឹហាត់ ក៏ដូចជាការប្រជែងបានមេដាយមាស ប្រាក់ និងសំរឹទ្ធពីជើងឯកអាស៊ី ជាបន្តបន្ទាប់ លោកបានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមជម្រើសជាតិថ្នាលមួយចំនួននឹងមានសិទ្ធផលកាន់តែល្អប្រសើរ ចូលទៅក្នុងឈុតធំ ដែលជា «ក្តីសង្ឃឹមឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។» នៅក្នុងការប្រកួតស៊ីហ្គេមនេះ បើទោះបីជាយើងមិនប្រើប្រាស់ឈុតថ្នាលក៏ពិតមែន ប៉ុន្តែការកសាងធនធានអត្តពលិកពីយុវជនពិតជាសំខាន់បំផុត នៅពេលដែលគាត់ចម្រើនវ័យត្រឹម១៨ឆ្នាំឡើងទៅ គឺពួកគាត់ឡើងទៅបន្តការហ្វឹកហាត់នៅក្នុងក្រុមជម្រើសជាតិឈុតធំ ដើម្បីស៊ីហ្គេម ក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន ទៀត។
ក្រុមជម្រើសជាតិថ្នាលកម្ពុជាតែងតែហ្វឹកហាត់ត្រៀមការប្រកួតអន្តរជាតិធំៗចំនួនពីរ គឺការចូលរួមប្រកួតជើង ឯកពិភពលោកយុវជន និងស្ត្រី រៀងរាល់២ឆ្នាំម្តង និងការប្រកួតជើងឯកអាស៊ី ជារៀងរាល់ឆ្នាំ។
ប្រភេទកីឡាដ៏មានសក្តានុពលរបស់កម្ពុជាមួយនេះតែងតែបានរំលេចនូវភាពភាពលេចធ្លោ និងកិត្តិយសតាមរយៈ ការឈ្នះមេដាយពីលើឆាកអន្តរជាតិជាបន្តបន្ទាប់ យកមកជូនជាតិរបស់ខ្លួនដូចគ្នានឹងប្រភេទកីឡាសក្តានុពលដទៃទៀតរបស់កម្ពុជាផងដែរ។
ក្នុងនោះការប្រជែងបានមេដាយនៅក្នុងការប្រកួតកីឡាកម្រិតហ្គេមថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (SEA Games) ប្រភេទកីឡាប៉េតង់នេះក៏តែងតែប្រជែងបានមេដាយ ជាពិសេសគឺស៊ីហ្គេម លើកទី៣០ កាលពីខែវិច្ឆិកាឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ប្រភេទកីឡាប៉េតង់ឈ្នះមេដាយមាស១វិញ្ញាសា និងមេដាយប្រាក់ ដោយមេដាយមាស នេះដណ្តើមបានដោយក្រមក្រុមប៉េតង់នារីកម្ពុជា ដែលមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា, អ៊ុន ស្រីយ៉ា និង ឃួន យ៉ារី (បម្រុងម្នាក់) លើវិញ្ញាសា៣ទល់៣ ក្រោយយកឈ្នះ ក្រុមម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុ ១៣-៤។ កីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនីឃួន យ៉ារី គឺជាអតីតកីឡាការិនីក្រុមជម្រើសជាតិថ្នាលក្រោយការបង្ហាត់ពីលោក អ៊ុក យ៉ារី និងបានឈានចូលទៅក្រុមជម្រើសជាតិធំ កាលពីឆ្នាំ២០១៦ រីឯកីឡាការិនី ដួង ឌីណា និងអ៊ុន ស្រីយ៉ា មិនធ្លាប់ឆ្លងកាត់ ការហ្វឹកហាតនៅក្រុមថ្នាលទេ គឺពួកគាត់ស្ថិតនៅក្រុមធំតាំងពីមុនៗមក។
លោកគ្រូ អ៊ុក យ៉ារី បានរៀបចំពីជីវប្រវត្តិខ្លះៗ មុនឈានជើងចូលមកដឹកនាំក្រុមជម្រើសជាតិថ្នាលថា គឺលោកជាអតីតកីឡាករក្នុងសមាគមកីឡាខេត្តកណ្តាល ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់ ឆ្នាំ២០០៣ ហើយលោកបានជាប់ជាកីឡាករជម្រើសជាតិប៉េតង់ នៅអំឡុងឆ្នាំ២០០៣ ហើយនៅក្នុង ឆ្នាំនោះដែរ លោកក៏បានឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាជាក្រុម ក្នុងការប្រកួតជើងឯកអាស៊ី នៅប្រទេសថៃ លើកទី១៦ ប៉ុន្តែការប្រកួតជើងឯកយុវជនអាស៊ីនេះត្រូវបានកែប្រែរចនាសម្ព័ន្ធឡើងវិញ ដែលតាមពិតចជើងឯកយុវជនអាស៊ី កើនឡើងដល់លើកទី២២ឆ្នាំហើយ ហើយកាលពីឆ្នាំ២០១៦ ជើងឯកយុវជនអាស៊ី ត្រូវបានរំសាយ ដោយបានប្រកួតបានចាប់ផ្តើមរាប់ជាលើកទី១ឡើងវិញ ដោយការប្រកួត ជើងឯកយុវជនអាស៊ី លើកទី១ នៅប្រទេសថៃ ឆ្នាំ២០១៧, លើកទី២ ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី និងលើកទី៣ នៅប្រទេសវៀតណាម ឆ្នាំ២០១៩ ថ្មីៗនេះ។ នៅឆ្នាំ២០០៤ លោកត្រូវបានសមាគមកីឡាក្រសួងមហាផ្ទៃជ្រើសរើសលោកធ្វើជាគ្រូជំនួយ ហើយចាប់តាំងពីឆ្នាំ២០១៤មក លោកត្រូវបានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាជ្រើសរើសឲ្យលោកធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិថ្នាលរហូតដល់បច្ចុប្បន្ន។
សូមបញ្ជាក់ថា ដើម្បីត្រៀមខ្លួន និងសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កម្រិតហ្គេមថ្នាក់តំបន់អាស៊ីអាគ្នេយ៍នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ជាពិសេសគឺគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដែលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៦ កំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងការពង្រឹងលើផ្នែកបណ្តុះបណ្តាលមន្ត្រី ព្រមទាំងការហ្វឹកហាត់របស់អត្តពលិកក្នុងប្រទេស និងនៅក្រៅប្រទេស ដែលកម្ពុជាបានត្រៀមលើចន្លោះពី៣២ ទៅ៣៥ប្រភេទកីឡា។
ក្នុងដំណើរឆ្ពោះទៅរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣នេះ ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ជូនជាថ្មីនៅដើមខែមិថុនា ឆ្នាំ២០២០នេះថា ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ នៅតែមានភាពវិជ្ជមាន ដោយការខិតខំប្រឹងប្រែងនៅតែបន្តជាមួយនឹងគ្រប់បញ្ហាអ្វីៗទាំងអស់កំពុងដំណើរដោយរលូន បើទោះបីជានៅក្នុងឆ្នាំ២០២០នេះយើងជួបបញ្ហាជំងឺកូវីដ-១៩នេះក្តី ក៏ការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធនៅតែបន្តសកម្មភាពរបស់ខ្លួនដដែល ខណៈការកសាងធនធានមនុស្ស កីឡាករ កីឡាការិនីគេមីជម្រើសជាតិបានរងផលប៉ះពាល់ខ្លះៗក្នុងរយៈពេលខ្លី ប៉ុន្តែយើងអាចពង្រឹងសមត្ថភាពនេះចាប់ពីឆ្នាំ២០២១បាន។ ដោយឡែកការងាររដ្ឋបាល ការរៀបចំផែនការយុទ្ធសាស្ត្រ ការពង្រឹងរចនាសម្ព័ន្ធ និងកិច្ចការផ្សេងៗនៅតែបន្តធ្វើជាប្រចាំស្របតាមផែនការមេស៊ីហ្គេម ២០២៣៕
ដោយ៖បញ្ញាស័ក្តិ