ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ដស៊េរីទំនើប ទៅបុករថយន្ដដឹកត្រី ដែលកំពុងតែធ្វើដំណើរចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតមួយចំណាត់មុខទាំងស្រុង ចំណែកឯម្ចាស់រថយន្ដបង្កវិញ បានចុះពីលើករថយន្ដឡើងលើជិះម៉ូតូកង់បីគេចខ្លួនទៅបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ដែលស្ថិតនៅលើស្ពានមុនីវង្សថ្មី ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនគេឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្ដស៊េរីទំនើបពណ៌ទឹកក្រូចម៉ាកHILUX ពាក់ផ្លាកលេខភ្នំពេញ 2AG-4040 ដែលបានធ្វើដំណើរឡើងលើស្ពានមុនីវង្ស ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានទៅបុកនឹងរថយន្ដដឹកត្រី ដែលកំពុងតែធ្វើដំណើរចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតមួយចំណាត់មុខ និងបន្តទៅបុកទ្រូងផ្លូវស្ពានទៀត ចំណែករថយន្ដដឹកត្រីវិញ ដោយឃើញរថយន្ដខ្លួនគ្មានការខូចខាត ក៏បានបើកទៅមុខបន្ដបាត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ចំណុចកើតហេតុ បានទាក់ទងទៅខាងចរាចរណ៍ជំនាញ ធ្វើការវាស់វែងយករថយន្ដដែលបង្ក ទៅរក្សាទុករ់ងចាំម្ចាស់រថយន្ដបង្ក មកដោះស្រាយតាមផ្លូវច្បាប់ ដោយបានធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ៕
ដោយ៖ភក្ត្រា