តាកែវ៖ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជំរុញឲ្យអាជ្ញាធរក្រុងដូនកែវ បន្តសកម្មភាពជាមួយនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បន្តទៀត គឺមិនត្រូវមានការឆ្វេសប្រហែសឡើយ បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជារបស់យើង បាននិងកំពង់អន់ថមថយយ៉ាងណាក៏ដោយ ។
ឯកឧត្តមលើកឡើងបែបនេះ គឺនៅក្នុងពិធីប្រគល់និងទទួលអំណោយ របស់អង្គការសប្បុរសធម៌នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ (LDSC) ដើម្បីចែកជូនប្រជាពលរដ្ឋទីទ័លក្រ ក្នុងក្រុងដូនកែវ ដែលកំពុងជួបការខ្វះខាត នៅក្នុងអំឡុងនៃការផ្ទុះនៃជំងឺកូវីដនេះឡើង និងផ្តល់ទឹកសម្លាប់មេរោគចំនួន ៦ពាន់លីត្រ របស់សមាគមន៍និស្សិតកម្ពុជាប្រចាំ សាធារណៈរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅសាលាក្រុងដូនកែវ ដែលឯកឧត្តម ហូ វិចិត្រ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្នុងក្រុងដូនកែវ និងលោក កង អាណាន់ អភិបាលក្រុងដូនកែវ ។
ក្នុងឱកាសនោះដែរ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ជំនួយ ដែលបានចូលរួមសហការជាមួយ និងរាជរដ្ឋាភិបាល ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ខណៈដែលរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តក្រុងទាំងអស់បាន និងបន្តសកម្មភាពយ៉ាងសកម្ម ជាមួយនិងការចុះអប់រំផ្សព្វផ្សាយ លើគោលការណ៍ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីទុបស្កាត់ការឆ្លងរីករាលដាលជាសហគមន៍ នៃជំងឺកូវីដ១៩នេះ ៕
ដោយ៖ តាកែវ