តាកែវ៖បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរក្នុងផ្សារធំតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ សូមមិនបញ្ចេញឈ្មោះ បាននិយាយរិះគន់ម្ចាស់ទទួលដេញភាស៊ីផ្សារតាកែវថា មិនគិតគូរដល់ការបាត់ចំណូលរបស់ពួកគាត់នោះទេ ខណៈដែលភ្លើងអគ្គិសនីនៅក្នុងផ្សារត្រូវបានដាច់ចរន្ត រយៈពេល៣ថ្ងៃមកហើយ។
ភ្លើងអគ្គិសនីនៅក្នុងផ្សារត្រូវបានដាច់ចរន្ត ធ្វើឲ្យបងប្អូនអាជីវករមួយចំនួន នាំគ្នាបិទតូបលក់ដូរ ត្រឡប់ទៅដេកនៅផ្ទះវិញ ដោយសារតែពិបាកក្នុងការលក់ដូរក្នុងផ្សារមានសភាពហប់ក្តៅ និងងងឹត និងកន្លែងខ្លះមានការចាំបាច់ណាស់ត្រូវតែមានភ្លើងអគ្គិសនី ទើបអាចប្រកបរបររកស៊ីបាន ។
អាជីវកខាងលើបាននិយាយទៀតថា បើនៅតែបន្តដាច់ភ្លើង ហើយអ្នកទារភាស៊ីនៅតែបន្តយក គ្មានថ្ងៃចុះ ឬគិតគូរពីផលប៉ះពាល់នេះ គឺចប់ហើយអាជីវករក្នុងផ្សារអាចនឹងដាច់បាយហើយ ដូច្នេះមានតែអាជ្ញាធរទេទើបអាចជួយដល់ពួកគាត់បាន ៕
ដោយ៖ តាកែវ