អាជ្ញាធរក្រុងប៉េកាំង បានដាក់ការរឹតបន្តឹងបន្ថែមទៀត ដើម្បបញ្ឈប់ការរាតត្បាតនៃវីរុសកូរ៉ូណា នៅក្នុងរដ្ឋធានីទៅកាន់ខេត្តផ្សេងៗទៀត ដោយអាជ្ញាធរបានធ្វើការហាមប្រាម ការធ្វើដំណើររបស់អ្នកមានហានិភ័យខ្ពស់ និងផ្អាកសេវាកម្មដឹកជញ្ជុនមួយចំនួនចេញពីទីក្រុង។
នៅថ្ងៃអង្គារនេះ មន្ត្រីក្រុងប៉េកាំងបានធ្វើការរាយការណ៍ ពីការឆ្លងវីរុសកូរ៉ូណាចំនួន ២៧ករណីថ្មី ធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅក្នុងក្រុងនេះកើនដល់ ១០៦នាក់។
មនុស្សដែលមានហានិភ័យខ្ពស់ ដូចជាអ្នកដែលមានទំនាក់ទំនងជាមួយនឹងអ្នកឆ្លង មិនត្រូវបានអាជ្ញាធរឲ្យចាកចេញពីទីក្រុងឡើយ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអង្គារ។
សេវាកម្មតាកស៊ី និងរថយន្តក៏ត្រូវបានផ្អាកដំណើរការផងដែរ។
រដ្ឋាភិបាលនៅក្នុងខេត្តមួយចំនួនរបស់ចិន បានតម្រូវឲ្យមានការធ្វើការដាក់ដោយឡែកនូវអ្នកដំណើរដែលមកពីទីក្រុងប៉េកាំង។
អ្នកសង្ស័យម្នាក់ ដែលបានធ្វើដំណើរពីទីក្រុងប៉េកាំងទៅកាន់ខេត្ត Sichuan ត្រូវគេរកឃើញថាមានផ្ទុកវីរុស។
ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសមានចំនួន ៨៣.១៨១នាក់ និងអ្នកស្លាប់មាន ៤.៦៣៤នាក់។
បច្ចុប្បន្ន ចិននៅមានអ្នកជំងឺត្រឹម ១៧៧នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីមានអ្នកជំងឺសរុបទាំងអស់ចំនួន ៧៨.៣៧០បានជាសះស្បើយ។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា បានផ្ទុះដំបូងចេញពីទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ ២០១៩។ រហូតមកដល់ពេលនេះ វីរុសមរណៈនេះបានឆក់យកជីវិតមនុស្សជាង ៤២៣.០០០នាក់ និងឆ្លងទៅកាន់មនុស្សជាង ៧,៥៥លាននាក់ទូទាំងពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters