ប្រទេសញូវហ្សឺឡែនបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនរកឃើញការឆ្លងវីរុសកូរ៉ូណា ២ករណីថ្មី ដែលករណីថ្មីទាំងនេះទាក់ទងទៅនឹងការធ្វើដំណើរពីអង់គ្លេស។ ប្រទេសនេះគ្មានករណីឆ្លងថ្មីរយៈពេល ២៤ថ្ងៃជាប់គ្នា ប៉ុន្តែពេលនេះវាត្រូវបានបញ្ចប់ បន្ទាប់ពីរកឃើញ ២ករណី។
កាលពីសប្តាហ៍មុន ញូវហ្សឺឡែនបានធ្វើការដកការរឹតបន្តឹងវិធានការសេដ្ឋកិច្ច និងសង្គម លើកលែងតែវិធានការគ្រប់គ្រងព្រំដែន ក្រោយពេលប្រទេសនេះបានធ្វើការប្រកាសថា ខ្លួនគ្មានវីរុសកូរ៉ូណា ឬអ្នកជំងឺកូរ៉ូណាទៀតឡើយ ដែលធ្វើឲ្យញូវហ្សឺឡែនក្លាយជាប្រទេសទី ១ក្នុងពិភពលោក ដែលវិលត្រឡប់ទៅរកភាពធម្មតាវិញ។
ប៉ុន្តែនាយករដ្ឋមន្ត្រី Jacinda Ardern បានធ្វើការព្រមានថា ការឆ្លងថ្មីនឹងកើតឡើងនៅពេលខាងមុខ ខណៈដែលប្រជាជនញូវហ្សឺឡែនបានត្រឡប់មកផ្ទះវិញ ខណៈដែលអ្នកផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យក្នុងលក្ខខណ្ឌពិសេស។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីថ្មីទាំងពីរទាក់ទងទៅនឹងព្រំដែល ដែលមានការធ្វើដំណើរកាលពីពេលថ្មីៗមកពីប្រទេសអង់គ្លេស។
ញូវហ្សឺឡែនជាប្រទេសដំបូងគេដែលអនុញ្ញាតិឲ្យប្រជាជនធ្វើការទស្សនាការប្រកួតកីឡានៅពហុកីឡាដ្ឋាន ដោយមិនមានកំណត់ពីចំនួនមនុស្សឡើយ។
ប្រទេសនេះបានទទួលការកោតសរសើរយ៉ាងខ្លាំងចំពោះវិធានការរបស់ខ្លួនក្នុងការទប់ស្កាត់វីរុស។
សូមបញ្ជាក់ថា ប្រទេសញូវហ្សឺឡែនមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបទាំងអស់ចំនួន ១.១៥៨នាក់ និងអ្នកស្លាប់ចំនួន ២២នាក់។ អ្នកជាសះស្បើយមាន ១.១៣២នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters/ad