ភ្នំពេញ៖ យោងតាមការចេញផ្សាយរបាយការណ៍របស់ស្ថានទូតថៃប្រចាំនៅរាជធានីភ្នំពេញ បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានទំហំទឹកប្រាក់ ៣,១ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០នេះ ដោយបានកើនឡើង ១៨,៣ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ ខែមេសា ឆ្នាំ២០២០ កម្ពុជា បាននាំចេញទំនិញ គិតជាទឹកប្រាក់មានចំនួន ៦៨៧ លានដុល្លារ ទៅកាន់ប្រទេសថៃ ដោយបានកើនឡើង ១០៦ភាគរយ។ ផលិតផលសំខាន់ៗរបស់កម្ពុជា នាំចេញទៅថៃ រួមមាន៖ ត្បូង និងគ្រឿងអលង្ការ មានទឹកប្រាក់ចំនួន ៣៤៥លានដុល្លារ ផលិតផលអាលុយមីញ៉ូម ៤៥លានដុល្លារ និងផលិតផលកសិកម្ម ១៧៣លានដុល្លារ។
ដោយឡែក ការនាំចូលរបស់កម្ពុជា ពីប្រទេសថៃវិញ មានទំហំទឹកប្រាក់ ២,៤ពាន់លានដុល្លារ ដោយបានកើនឡើង៥,៦ ភាគរយ។ ផលិតផលនាំចូលសំខាន់ៗរបស់ប្រទេសថៃ រួមមាន ប្រេងឥន្ធនៈ ៤៣០លានដុល្លារ រថយន្ត ៣១២លានដុល្លារ ត្បូង និងគ្រឿងអលង្ការ មានទឹកប្រាក់ ២២០លានដុល្លារ។
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ថៃ កាលពីឆ្នាំមុន បានដល់ជាង ៩,៤១ ពាន់លានដុល្លារ កើនឡើង ១២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលប្រទេសទាំងពីរកម្ពុជា-ថៃ បានកំណត់គោលដៅ ក្នុងការបង្កើនបរិមាណទំហំពាណិជ្ជកម្មឲ្យដល់ ១៥ពាន់លានដុល្លារនៅឆ្នាំ ២០២០នេះ។
គួរបញ្ជាក់ថា ផលិតផល ដែលកម្ពុជានាំចេញទៅថៃ ភាគច្រើនជាផលិតផលកសិកម្ម ដូចជា ពោត ដំឡូង មី ជាដើម ខណៈ ប្រទេសថៃនាំចូលមកប្រទេសកម្ពុជាវិញ មានដូចជា ឧបករណ៍អេឡិចត្រូនិក ប្រេងឥន្ធនៈ គ្រឿងសម្អាង និងសម្ភារសំណង់ ជាដើម ៕
ដោយ៖CEN