Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​ខេត្តស្វាយរៀង រកឃើញ​ទំនិញ​ខូចគុណភាព​មួយចំនួន នៅក្នុង​ផ្សារ​កំពង់ត្រាច ស្រុក​រមាសហែក

​ស្វាយរៀង​៖ លោក ផឹង និល ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែងនិង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ដឹកនាំ​ក្រុមការងារ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម ខេត្តស្វាយរៀង បន្ត​ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ផ្សារ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង ក្នុង​គោលបំណង​ស្វែង រកសារ​ធាតុគីមី ដែល​តាំង​លក់​នៅលើ​បន្លែ​ត្រី​សាច់ គ្រឿងឧបភោគ​បរិភោគ និង​ទំនិញ​ខូចគុណភាព​និង​ហួស​កាលបរិច្ឆេត​ប្រើប្រាស់​។​

​លោក ផឹង និល បាន​ឲ្យ​ដឹងថា សកម្ម​ភាពចុះ​ត្រួតពិនិត្យ​នៅ​ផ្សារ​កំពង់ត្រាច​នេះ មន្ត្រី​ជំនាញ​បាន​ពិនិត្យ​គ្រឿងឧបភោគ​បរិភោគ នៅតាម​ស្តង់​ក្នុង​ផ្សារ​តាំង​លក់ទំនិញ​និង​បាន ប្រើប្រាស់​ឧបករណ៍​ធ្វើ Test Kits បឋម​លើ​ម្ហូបអាហារ​ចំនួន​៥៦​គំរូ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ជាពិសេស​ក៏បាន​ពិនិត្យ​ទៅលើ​សាដក់​ដែល​ដាក់តាំង​លក់​ផងដែរ​។​

​លោក ផឹង និល បាន​បញ្ជាក់ថា ជា​លទ្ធផល​ក្រោយពី​ការអនុវត្ត​ការងារ​មន្ត្រី​ជំនាញ បាន​រកឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​៥​មុខ មានដូចជា​៖ ទឹកត្រី​កោះកុង​ចំនួន​៥០​ដប និង​នំ​ធុង​៧​ធុង (១​ធុង​ស្មើ​៥​គីឡូក្រាម​) តែ​កញ្ចប់​ចំនួន​៣០​កញ្ចប់ ថ្នាំដុសធ្មេញ​ចំនួន​២៥​ប្រអប់ និង​ប្រេងកូឡា​ចំនួន​២៧​ប្រអប់ ហើយ​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ ដកហូត​ទំនិញ​ទាំងនោះ យកមក​រក្សាទុក ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល នៅពេល​ក្រោយ​។​

​លោក ផឹង និល បាន​បញ្ជាក់ថា មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​ចុះ​ពិនិត្យ​មុខទំនិញ​ឲ្យ​បាន ដូច​ភ្លៀងរលឹម​ដើម្បី​ស្វែងរក​សារធាតុ​ដែល​ហាមឃាត់ (​សារធាតុ​គីមី​) ដែល​ធ្វើ​ឲ្យ​អ្នក​បរិភោគ​អាច​ប៉ះពាល់​ដល់​សុខភាព និង​ស្នើ​ឲ្យ​អាជីវករ​ចូលរួម​សហការ ជាមួយ​មន្ត្រី​ជំនាញ ក្នុង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​ផ្សេងៗ គ្រប់​ភេទ​នៅតាម​ទីផ្សារ​ក្នុង​ខេត្ត​បន្តទៀត​ផងដែរ​៕
​ដោយ​៖​វ៉ៃ​កូ​

×