ភ្នំពេញ៖ រាជធានីភ្នំពេញ ទទួលបានការវិនិយោគលើវិស័យសំណង់ មានចំនួន៥៨៣គម្រោង ក្នុងនោះផ្ទៃក្រឡាសំណង់សរុប ២,៨២១,៣១៧ម៉ែត្រក្រឡា ដែលមានទុនវិនិយោគសរុប១,៣៧៥,៦២៨,០៥០ដុល្លារអាមេរិក ក្នុងរយៈពេល៥ខែនេះ។ នេះបើតាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុរិយោលដី ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុរិយោលដី ថ្លែងថាអំឡុងពេល COVID-19 ការវិនិយោគលើវិស័យសំណង់ក្នុងរាជធានីភ្នំពេញ ក៏ជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដោយហេតុថា វិនិយោគិនភាគច្រើន ដែលមកបណ្ដាក់ទុននៅកម្ពុជាជាជនបរទេស ដូច្នេះ COVID-19 បានធ្វើឲ្យគម្រោងមួយចំនួនរាំងស្ទះ។
លោកថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួន១,២៩២អគារ។ បុរីមានចំនួន ២៤៤បុរី។ ហើយរយៈពេល៥ខែ ឆ្នាំ២០២០ មន្ទីរក៏បានចេញលិខិតទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាត បានចំនួន២៩ការដ្ឋាន, ចេញលិខិតបើកការដ្ឋាន ចំនួន៤០ការដ្ឋាន និងលិខិតបិទការដ្ឋាន ចំនួន៥ការដ្ឋាន។
ប្រធានមន្ទីររៀបចំដែនរូបនេះបន្តថា ការផ្ដល់សេវាសាធារណៈលើសេវាសុរិយាដី និងសំណង់ជូនប្រជាពលរដ្ឋ នៅឆ្នាំ២០១៩ បានចំនួន ៦៦,៨៦៧ឯកសារ ខណៈ៥ខែ ឆ្នាំ២០២០ បានចំនួន២៥,៧០០ឯកសារ។
លោក សារិន វណ្ណា ក៏បានបញ្ជាក់អំពីការងារដោះស្រាយវិវាទដីធ្លីផងដែរថា ឆ្នាំ២០១៩ បានដោះស្រាយបញ្ចប់ ២ករណី, វិវាទច្រានចោល ១ករណី, វិវាទដកពាក្យបណ្ដឹង ៣ករណី, វិវាទបញ្ជូនឡើងទៅលើ ៧ករណី, វិវាទកំពុងដោះស្រាយ ៣១ករណី៕
ដោយ៖CEN