ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជួយសម្រួលឲ្យប្រជាពលរដ្ឋឥណ្ឌា ចំនួន ១៣០នាក់ ដែលបានជាប់នៅប្រទេសកម្ពុជា ដោយសារជំងឺកូវីដ-១៩ ដើម្បីឲ្យបានត្រឡប់ទៅប្រទេសឥណ្ឌាវិញ ដែលគ្រោងនឹងបញ្ជូនយន្តហោះពិសេស។
នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យលោក A.S. Bhatti លេខាទី២ ទទួលបន្ទុកកិច្ចការកុងស៊ុល និងលោក B. Subba Rao ទទួលបន្ទុកកិច្ចការនយោបាយ ប្រចាំស្ថានទូតឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
បន្ទាប់ពីបានណែនាំខ្លួនរួចមក លោកតំណាងស្ថានទូតឥណ្ឌាបានការស្នើសុំការសម្របសម្រួល ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីជួយឲ្យប្រជាពលរដ្ឋឥណ្ឌា ចំនួន ១៣០នាក់ ដែលបានជាប់នៅប្រទេសកម្ពុជា ដោយសារជំងឺកូវីដ-១៩ ដើម្បីឲ្យបានត្រឡប់ទៅប្រទេសឥណ្ឌាវិញ ដែលគ្រោងនឹងបញ្ជូនយន្តហោះពិសេស មកដឹកដោយផ្ទាល់នាពេលឆាប់ៗខាងមុខនេះ ហើយលោកតំណាងស្ថានទូត ក៏បានជម្រាបជូនដែរថា ខាងស្ថានទូត បានដាក់សំណើជូនទៅក្រសួងមហាផ្ទៃរួចហើយ។
ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានឯកភាពជាគោលការណ៍ ដើម្បីធ្វើការសម្របសម្រួល លើសំណើសុំខាងលើ ពេលទទួលបានការអនុញ្ញាត ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
ឆ្លៀតក្នុងឱកាសនោះដែរ ភាគីឥណ្ឌាបានត្រៀមខ្លួន ក្នុងការផ្ដល់ជូននៅវគ្គបណ្ដុះបណ្ដាល ជូនមន្ត្រីនគរបាលអន្តោប្រវេសន៍កម្ពុជា បើសិនជាមានតម្រូវការ។
ក្នុងនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានស្នើសុំខាងភាគីឥណ្ឌា ជួយបើកវគ្គបណ្ដុះបណ្ដាល លើផ្នែកព័ត៌មានវិទ្យា ជូនដល់មន្ត្រីនគរបាលអន្តោប្រវេសន៍កម្ពុជា ផងដែរ៕
ដោយ៖កូឡាប