ឧត្តរមានជ័យ ៖ កងកម្លាំងការពារ មន្ត្រីជំនាញនិងសហគមន៍សង្ឃរុក្ខវ័ន អូរផាល ខេត្តឧត្តរមានជ័យ រួមគ្នាតាមរកសង្គ្រោះសត្វទន្សោងឈ្មោល១ក្បាល ដែលមានព័ត៌មានថា ព្រានអប្រិយបានបាញ់ ឬជាប់អន្ទាក់ បង្កឲ្យរងរបួសកាលពីថ្មីៗនេះ ។
ព្រះតេជគុណប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យ និងប្រធានសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន មានសង្ឃដីកា កាលពីថ្ងៃទី១៦ ខែមិថុនាថា ៖ ” កាលពីសប្តាហ៍មុន កម្លាំងអភិរក្សបានដើរល្បាត ហើយប្រទះឃើញស្នាកស្នាមដានជើង ក្រោយរបស់ទន្សោងបានអូសនិងមានឈាមស្រក់ ដែលអាចវារងរបួស ហើយបាននិងកំពុងលាក់ខ្លួនពីសង្ស័យព្រាន ដែលលបលួចចូលបរបាញ់ឬជាប់អន្ទាក់ ” ។
បើយោងតាមប្រធានព្រៃសហគមន៍អង្គនេះ បានបន្តថា ប្រតិបត្តិការស្វែងរកសត្វទន្សោងរងរបួសនេះ បានចែកជាចំនួនបីក្រុម ៖ មានក្រុមមន្ត្រីពេទ្យជំនាញ ក្រុមមន្ត្រីឧទ្យានុរក្ស នៃតំបន់ការពាររបស់មន្ទីរបរិស្ថាន កងកម្លាំងសមត្ថកិច្ច និងក្រុមកម្លាំងសហគមន៍ព្រះសង្ឃ ដែលត្រូវទៅគោលដៅទីទៃពីគ្នា ។ គោលដៅក្នុងព្រៃនោះ មានដូចជាតំបន់ភ្នំអណ្តូង តំបន់ភ្នំក្រោល និងតំបន់ភ្នំភ្ជៀវ ស្ថិតនៅភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង។ ប៉ុន្តែពេលនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យបាត់ស្នាកស្នាម ឬតម្រុយ ដែលបង្កការពិបាកក្នុងការស្វែងរក តែទោះជារកមិនទាន់ឃើញ ក៏កម្លាំងនៅតែបន្តរុករកនៅតំបន់ជម្រកថ្មីផ្សេងទៀត ឲ្យអស់ចិត្តសិន ។
សូមរំលឹកថា សត្វព្រៃសេសសល់ក្នុងសហគមន៍សង្ឃរុក្ខវ័ន នៃភូមិសាស្ត្រក្រុងសំរោង ស្រុកអន្លងវែង និងស្រុកចុងកាល់នេះ បានរងគ្រោះសោកនាដ្យកម្មងាប់ របួស បាត់ខ្លួន ជាបន្តបន្ទាប់ ដោយសារជនទុចរិត ឬព្រានអប្រិយ តាមបៀតបៀនប្រល័យ ដោយដាក់អន្ទាក់ ឬបរបាញ់គ្មានត្រាប្រណី។
ដូចកាលពីថ្មីៗនេះ សត្វទន្សោងឈ្មោលមួយក្បាល បានជាប់អន្ទាក់ច្រើនថ្ងៃ បង្កទឹកភ្នែកហូររហាម ។
ទន្សោងនោះត្រូវជួយសង្គ្រោះ ប៉ុន្តែដោយរងរបួសធ្ងន់ពេក វាក៏ក៏បានងាប់ ហើយត្រូវមន្ត្រី និងព្រះសង្ឃ សម្រេចកប់ខ្មោចវា នៅក្នុងស្នាក់ការព្រៃសហគមន៍សង្ឃរុក្ខវ័នតែម្តង ៕
ដោយ ៖ បន្ទាយ