ភ្នំពេញ៖ នាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គលេខាធិការនៃសមាគមមិត្តនគរបាលជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការមួយច្បាប់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយសំណូមពរពិនិត្យកែលម្អដល់ស្ថានីយទូរទស្សន៍ និងសិល្បករមួយចំនួនដែលបាននិពន្ធ និងដឹកនាំការសម្ដែងឈុតវីដេអូកំប្លែងខ្លីៗ ដែលមានផលប៉ះពាល់ពាក់ព័ន្ធទៅនឹងរូបភាពជាមន្ត្រីនគរបាលជាតិ។
សមាគមមិត្តនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានលើកឡើងថា មួយរយៈកន្លងមកនេះ ជាពិសេសស្ថិតក្នុងស្ថានភាពដែលក្រសួងមហាផ្ទៃបាននិងកំពុងធ្វើយុទ្ធនាការពង្រឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ សមាគមមិត្តនគរបាលជាតិកម្ពុជាបានពិនិត្យ និងសង្កេតឃើញថា មានស្ថានីយទូរទស្សន៍ ក៏ដូចជា សិល្បករមួយចំនួនបានផលិតជាខ្សែវីដេអូកំប្លែងខ្លី ដោយឈុតសាច់រឿងខ្លះបានសម្ដែងជាតួអង្គមន្ត្រីនគរបាលជាតិ ដែលមានការស្លៀកពាក់ឯកសណ្ឋានមិនបានត្រឹមត្រូវ និងមិនគ្រប់គ្រាន់សញ្ញាសម្គាល់ផ្អែកតាមបទដ្ឋាន ស្ដីពីឯកសណ្ឋាន និងស្លាកសញ្ញាមន្ត្រីនគរបាលជាតិ ដែលបានកំណត់ ហើយតួអង្គនគរបាលមានសក់វែង និងបានប្រើពាក្យសំដីខ្លះមិនសមរម្យទៅនឹងក្រមសីលធម៌វិជ្ជាជីវៈ របស់មន្ត្រីនគរបាលជាតិទៀតផង។
នាយឧត្តមសេនីយ៍ប៉ែន វិបុល បានលើកឡើងបន្ថែមថា តាមរយៈសកម្មភាពក្នុងខ្សែវីដេអូ ដូចបានរៀបរាប់គោរពជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីខាងលើ ដែលត្រូវបានមជ្ឈដ្ឋានខាងក្រៅ ធ្វើការចែករំលែកគ្នាទៅវិញទៅមកយ៉ាងទូលំទូលាយនៅក្នុងបណ្ដាញសង្គមទៀតនោះ សមាគមមិត្តនគរបាលជាតិកម្ពុជា បានយល់ឃើញថា ពិតជាមានផលប៉ះពាល់ជះឥទ្ធិពលមិនល្អដល់កិត្យានុភាព និងសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ដែលបាននិងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ច ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងស្ថិរភាពសង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
សមាគមមិត្តនគរបាលជាតិកម្ពុជា សូមសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាពិនិត្យ និងជួយសម្រួលចាត់វិធានការ កែលម្អដល់ស្ថានីយទូរទស្សន៍ ក៏ដូចជាក្រុមសិល្បករដែលមានចំណុចខ្វះខាតតាមការគួរ៕
ដោយ៖កូឡាប