វិមានខៀវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបាននិយាយថា ការរិះគន់កាលពីពេលថ្មីៗ របស់កូរ៉េខាងជើង ទៅលើប្រធានាធិបតី ម៉ូន ជេអ៊ីនគឺមិនសមហេតុផល ហើយខ្លួននឹងលែងទទួលយកអាកប្បកិរិយា មិនសមហេតុផលរបស់កូរ៉េខាងជើងទៀតហើយ។
ការប្រកាសរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងនេះ កើតឡើងមួយថ្ងៃ ក្រោយពេលកូរ៉េខាងជើង បានបំផ្លាញចោលការិយាល័យទំនាក់ទំនងរវាងកូរ៉េទាំងពីរ។
អ្នកនាំពាក្យវិមានប្រធានាធិបតី លោក Yoon Do-han បាននិយាយថា ការរិះគន់របស់ Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ទៅលើប្រធានាធិបតី ម៉ូន ជេអ៊ីនគឺជា “អាកប្បកិរិយាដ៏គគ្រើន និងគ្មានហេតុផល” ដែលវាគឺជាហេតុផលបំផ្លាញដល់ទំនុកចិត្ត ដែលកសាងឡើងដោយមេដឹកនាំទាំងពីរ។
លោក ម៉ូន ជេអ៊ីនបានស្នើឲ្យមានការបញ្ជូនទីប្រឹក្សាសន្តិសុខជាតិ និងប្រធានចារកម្មទៅកាន់កូរ៉េខាងជើង ក្នុងនាមជាបេសកជន ប៉ុន្តែការផ្តល់នោះ ត្រូវបានប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុនបដិសេធចោល ដោយលើកឡើងថា “ជាសំណើរដ៏ល្ងង់ និងគួរឲ្យខ្លាច”។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។
សារព័ត៌មានផ្សាយទៀតថា “ដំណោះស្រាយចំពោះវិបត្តិរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលបង្កឡើងដោយអាជ្ញាធរគ្មានទំនួលខុសត្រូវ និងអសមត្ថភាពរបស់កូរ៉េខាងត្បូង នឹងមិនអាចកើតមានឡើងឡើយ ហើយវិបត្តិនោះអាចបញ្ចប់នៅពេលមានការប៉ះប៉ូវសមរម្យ”។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ ជាមួយនឹងកូរ៉េខាងត្បូង រួមមាន បណ្តាញទំនាក់ទំនង រវាងមេដឹកនាំនៃប្រទេសទាំងពីរ។
កូរ៉េខាងជើងបាននិយាយថា ខ្លួនបានខឹងដោយសារក្រុមផ្តាច់ខ្លួននៅក្នុងកូរ៉េខាងត្បូងបានបង្ហោះខិត្តប័ណ្ឌចូលក្នុងព្រំដែន។
ក្រុមដែលផ្តាច់ខ្លួនចេញពីកូរ៉េខាងជើង ជារឿយៗបង្ហោះប៉េងប៉ោងចូលព្រំដែន ដោយមានភ្ជាប់ជាមួយនឹងខិត្តប័ណ្ឌ ព្រមទាំងវត្ថុផ្សេងៗដូចជា អាហារ ក្រដាសប្រាក់ ១ដុល្លារ និង Flash USB ដែលក្នុងនោះមានភាពយន្តកូរ៉េខាងត្បូង និងព័ត៌មានជាដើម៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNA