ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីគម្រោងដោះស្រាយបញ្ហាទឹកលិចផ្លូវជាតិលេខ៤ តំបន់សាលាក្ដីខ្មែរក្រហម និងគម្រោងភ្ជាប់ប្រឡាយទួលពង្រទី១ ប្រឡាយទួលពង្រទី២ ហូរចូលបឹងហា ដែលជាប់ពាក់ព័ន្ធក្នុងភូមិសាស្ត្រខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ។
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា រាជធានីភ្នំពេញ តែងតែទទួលរងទឹកជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺ និងទឹកស្ទឹងព្រែកត្នោត ដែលបណ្ដាលឱ្យតំបន់ទាំងនោះរងការជន់លិចនារដូវវស្សា។
ឯកឧត្តម ឃួង ស្រេងបានបញ្ជាក់ថា ក្រុមការងារជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងបញ្ចេញគ្រឿងចក្រជាច្រើនគ្រឿង ទៅកាន់ទីតាំងនោះ ដើម្បីស្តារប្រឡាយអោយបានជ្រៅ នៅអមសងខាងផ្លូវជាតិលេខ៤ ត្រង់តំបន់មុខសាលាក្តីខ្មែរក្រហមនៅក្នុងសប្តាហ៍នេះ ដើម្បីរំដោះការជនលិចដោយជំនន់ទឹកភ្លៀងឲ្យបានលឿន។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មូលហេតុដែលតំបន់នេះ រងការជនលិចដោយសារតែការរងផ្ទៃទឹកហូរពីខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួលខេត្តកណ្តាល ហើយបណ្តាប្រឡាយរងតូចៗមួយចំនួនទៀតបានគោករីងរាក និងការរំលោភចំណីប្រឡាយពីប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តថា អាជ្ញាធរនឹងពន្លឿនការដោះស្រាយការជនលិចនៅតំបន់នេះឲ្យបានលឿន ដែលសម្រួលការលំបាករបស់ប្រជាពលរដ្ឋ និងការរំខានការធ្វើដំណើរជាដើម។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាន៍ថា ជាមធ្យោបាយបន្ទាន់ ដើម្បីដោះស្រាយបញ្ហាជនលិចនៅតំបន់នេះ ឲ្យមានប្រសិទ្ធភាព មន្ទីរបានកាយភក់ចេញពីបាតប្រឡាយអមសងខាងផ្លូវជាតិលេខ៤ ត្រង់មុខសាលាក្តីខ្មែរក្រហម មកដល់ផ្លូវរថភ្លើង បន្ទាប់មកទៀតមកផ្នែកខាងជើងស្តារប្រឡាយ តាមបណ្តោយផ្លូវរថភ្លើង ឆ្ពោះទៅមហាវិថីឈ្នះឈ្នះ ចាក់ទៅបឹងតាមោក ទំនប់កបស្រូវ។ ចំណែកខាងត្បូងផ្លូវជាតិលេខ៤វិញ និងត្រូវស្តារប្រឡាយតាមបណ្តោយផ្លូវរថភ្លើង ឆ្ពោះទៅប្រឡាយតាហោ ចាក់ទៅស្ទឹងព្រែកត្នោត និងប្រឡាយមួយទៀត តាមផ្លូវជាតិលេខ៣ ឆ្ពោះទៅបឹងជើងឯក។ លោកបញ្ជាក់ថា គម្រោងនេះនឹងជួយរំដោះទឹកហូរបានលឿនជាងមុន ដែលកាត់បន្ថយបានការជនលិច។
សូមបញ្ជាក់ថា រដ្ឋបាលនៅភ្នំពេញ កំពុងសិក្សាជាមួយក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីបង្កើតប្រព័ន្ធស្ទាក់ទឹកពីខេត្តកំពង់ស្ពឺ ឲ្យហូរចាក់ទៅស្ទឹងព្រែកត្នោតតែម្តង ដែលកាត់បន្ថយកុំឲ្យហូរចូលមករាជធានីភ្នំពេញ បង្កឲ្យមានការជនលិចដោយជំនន់ទឹកភ្លៀង៕ ដោយ៖កូឡាប