ភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅអគ្គបញ្ជាការដ្ឋានកងយោធិពលខេមរភូមិន្ទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្មីចំនួន ២៥ រូប នៃទីចាត់ការសុខាភិបាលអគ្គបញ្ជាការដ្ឋាននកងយោធិពលខេមរភូមិន្ទ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោយទទួលបានការបណ្តុះបណ្តាលអស់រយ:កាលបីថ្ងៃកន្លងមកក្រោមអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ មាសវិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមអស់លោកឧត្តមសេនីយ៍ជានាយក នាយករង នាយទាហាន នាយទាហានរងនៃទីចាត់សុខាភិបាល សរុបជិត៦០នាក់។
ឯកឧត្ដម ឧត្តមសេនីយ៍ទោ ញ៉ែម សុខ័ន្ធី នាយកទីចាត់ការសុខាភិបាល អគ្គបញ្ជាការដ្ឋាន បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអគ្គញ្ជាការដ្ឋានកងយោធពលខេរភូមិន្ទនិងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលតែងតែផ្តល់ការគាំទ្រ ឧបត្ថម្ភសម្ភារ និងសហការយ៉ាងល្អជាមួយអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ សំដៅពង្រឹងវិន័យ សណ្ដាប់ធ្នាប់ និង សុខភាពរបស់កងទ័ព ដោយគ្មានបញ្ហាគ្រឿងញៀន។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានមានប្រសាសន៍ថា កងទ័ពក្រៅពីការងារការពារជាតិ គឺជាកំលាំងជំនួយមនុស្សធម៌ជួយសង្គមដោយមិនអាចខ្វះបាន ជួយច្រួតស្រូវ ជួយសង្គ្រោះប្រជាពលរដ្ឋពិសេសពេលប្រទេសមានគ្រោះធម្មជាតិដូចជាទឹកជំនន់ ខ្យល់ព្យុះជាដើម។ ល។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍បន្តដោយថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ដែលបានអនុញ្ញាតឱ្យមានវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះឡើង ដើម្បីក្លាយកម្លាំងថ្មីជួយផ្សព្វផ្សាយបង្ការទប់ស្កាត់មិនឱ្យបញ្ហាគ្រឿងញៀនជ្រៀតចូលទៅក្នុងវិស័យកងទ័ព ក្រុមគ្រួសារកងទ័ពដើម្បីឱ្យពួកគាត់រស់នៅដោយសុភមង្គល គ្មានអំពេីហិង្សា និងរីកលូតលាស់ពោរពេញដោយសក្តានុពល៕ ដោយ៖កូឡាប