Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ទាំងអស់ ចាំបាច់​ត្រូវ​ទទួលបាន​ទាន់ពេលវេលា និង​ដោយ​គ្មាន​ការរារាំង នូវ​ថ្នាំ​បង្ការ​និង​វ៉ាក់សាំង ដែល​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​មានតម្លៃ​សមរម្យ​

​ភ្នំពេញ​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងថា ប្រទេស​ទាំងអស់ ចាំបាច់​ត្រូវ​ទទួលបាន​ទាន់ពេលវេលា និង​ដោយ​គ្មាន​ការរារាំង នូវ​ថ្នាំ​បង្ការ​និង​វ៉ាក់សាំង ដែល​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​មានតម្លៃ​សមរម្យ ដែលជា​ទំនិញ​រួម​របស់​ពិភពលោក​។ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​អំពី​លទ្ធផល នៃ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស រវាង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​រុស្ស៊ី ស្ដីពី​ជំងឺឆ្លង​កូ​វីដ​-១៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video-Conference) នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ ត្រូវបាន​ដឹកនាំ​ដោយ​សហប្រធាន​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​រុស្ស៊ី នាពេល​បច្ចុប្បន្ន និង​សហព័ន្ធរុស្ស៊ី​។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រីការបរទេស​សហព័ន្ធរុស្ស៊ី បាន​ផ្លាស់ប្តូរ​ទស្សន​គ្នា​ទៅវិញទៅមក អំពី​ឧ​ត្ត​ម្មា​នុ​វត្ត​ន៍ និង​ការរៀនសូត្រ ដែល​ទទួលបាន​ពី​ការប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​ជាស​កល និង​ពិភាក្សា​អំពី​វិធីសាស្ត្រ​នានា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​នៅលើ​គ្រប់​វិស័យ​ដែលមាន​ផលប្រយោជន៍​រួមគ្នា និង​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន និង​រុស្ស៊ី ជាពិសេស​លើ​វិស័យ​សុខភាព​សាធារណៈ​។​

កិច្ចប្រជុំ​ពិសេស​នេះ ជា​ផ្នែក​មួយ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​រុស្ស៊ី និង​ជា​ឱកាស​មួយ​សម្រាប់​ភាគី​ទាំងពីរ ពិភាក្សាគ្នា​លើ​មធ្យោបាយ​នានា ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​ដែល​ផ្ដល់​ផលប្រយោជន៍ ឲ្យ​គ្នា​ទៅវិញទៅមក ជាពិសេស​ក្នុង​វិស័យ​សុខភាព​សាធារណៈ ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច សង្គម ដែល​បណ្ដាលមកពី​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។​

​អាស៊ាន​និង​រុស្ស៊ី បាន​ជំរុញ​សហគមន៍​អន្តរជាតិ ឲ្យ​ដាក់​របៀបវារៈ​នយោបាយ ដែល​ខុសគ្នា​របស់​ពួកគេ ដោយឡែក ដោយ​ងាក​ធ្វើ​សកម្មភាព​រួមគ្នា​វិញ ក្នុង​ស្មារតី​ទទួលខុសត្រូវ​សាមគ្គីភាព និង​សហប្រតិបត្តិការ​គ្នា ដើម្បី​គ្រាំទ្រ​គ្នា​ទៅវិញទៅមក​នៅក្នុង​គ្រា​ដ៏​លំបាក​នេះ​។​

​ក្នុង​កិច្ចប្រជុំ​ក៏បាន​គូសបញ្ជាក់​អំពី​សារសំខាន់ នៃ​ម​ជ្ឈ​ភាព​អាស៊ាន និង​តួនាទី​ឈានមុខ​របស់​អាស៊ាន​ក្នុងការ​រក្សា​និ​ម្មា​បក​ម្ម​តំបន់ ដែលមាន​ស្រាប់​ឱ្យ​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ធំ ដូចជា​ជំងឺឆ្លង​កូ​វីដ​១៩​ជាដើម​។​

​កិច្ច​ប្រជុំបាន​ស្វាគមន៍ ការបង្កើត​មូលនិធិ​អាស៊ាន សម្រាប់​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​១៩ និង​ឆន្ទៈ​របស់​រុស្ស៊ី ក្នុងការ​ចូលរួមចំណែក​ផ្ដល់​មូលនិធិ​សម្រាប់​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​១៩ ដោយ​ប្រើប្រាស់​ធនធាន​មូលនិធិ​ហិរញ្ញវត្ថុ​នៃ​ភាពជា​ដៃគូ​សន្ទនា​អាស៊ាន រុស្ស៊ី​សម្រាប់​ការអនុវត្ត​គម្រោង​រួមគ្នា ក្នុង​គោលបំណង​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះអាសន្ន​សុខភាព​សាធារណៈ​។​

​ក្នុងអំឡុងពេល​កិច្ចប្រជុំ​ពិសេស​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​រុស្ស៊ី និង​បណ្ដាល​ប្រទេស​សមាជិក​អាស៊ាន​នានា ដែល​បានផ្ដល់​ការព្យាបាល និង​ការថែទាំ​ដល់​ប្រជាជន​កម្ពុជា​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ចែករំលែក​នូវ​ទស្សនៈ​ដូចជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​នាពេល​អនាគត ដូចជា​ជំងឺ​រាតត្បាត​ជាដើម​ភាគី​និយម គឺជា​អ្វីដែល​មិនអាច​ខ្វះ​បាន​ដោយសារ​បញ្ហា​ប្រទេស​នានា ត្រូវការ​ការសម្របសម្រួល និង​ការឆ្លើយតប​រួមគ្នា​ថែមទៀត ដោយ​ផ្អែកលើ​ទិន្នន័យ​វិទ្យាសាស្ត្រ​និង​ភស្តុតាង​។ ប្រទេស​ទាំងអស់ ចាំបាច់​ត្រូវ​ទទួលបាន​ទាន់ពេលវេលា និង​ដោយ​គ្មាន​ការរារាំង នូវ​ថ្នាំ​បង្ការ​និង​វ៉ាក់សាំង ដែល​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​មានតម្លៃ​សមរម្យ ដែលជា​ទំនិញ​រួម​របស់​ពិភពលោក​។ ដោយ​ទទួលស្គាល់​នូវ​តួនាទី​ចម្បង របស់​អង្គការ​សុខភាព​ពិភពលោក នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ កម្ពុជា​រីករាយ​ដែល​អាស៊ាន​និង​រុស្ស៊ី បាន​គាំទ្រ​ការអនុម័ត​សេចក្ដីសម្រេចចិត្ត​ដោយ​សម័យប្រជុំ​សភា​សុខភាព​ពិភពលោក កាលពី​ខែឧសភា​កន្លងទៅ និង​បានទទួល​ស្គាល់​សារសំខាន់​នៃ​ការអនុវត្ត​វិធានការ​សុខភាព​នានា ស្របតាម​សារាចរ​សុខភាព​អន្តរជាតិ​ឆ្នាំ 2005​។ អាស៊ាន​និង​រុស្ស៊ី អាចធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា បាន​ច្រើន​ថែមទៀត ដើម្បី​ឲ្យ​សេដ្ឋកិច្ច​រីក​រស់​ឡើងវិញ តាមរយៈ​ការធ្វើ​លំហូរ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ឲ្យ​បាន​ខ្លាំងក្លា​បំផុត ដែលជា​ផ្នែក​មួយ​នៃ​ដំណាក់កាល​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​វិបត្តិ​កូ​វីដ ១៩​ ៕ ​ដោយ​៖​កូ​ឡាប​

 

×