ប្រទេសចិនបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ២៨នាក់បន្ថែមគិតត្រឹមថ្ងៃពុធ ទី ១៧ ដែលក្នុងនោះមានចំនួន ២១នាក់ស្ថិតនៅក្នុងទីក្រុងប៉េកាំង។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ។
គណៈកម្មការនិយាយទៀតថា ក្នុងចំណោម ២៨ករណី មាន ៤ជាករណីនាំចូលទាក់ទងនឹងអ្នកធ្វើដំណើរត្រឡប់ពីបរទេសវិញ។
កាលពីថ្ងៃអង្គារ ចិនបានរកឃើញអ្នកឆ្លងថ្មីចំនួន ៤៤ករណី ដែលក្នុងនោះមានករណីនាំចូលចំនួន ១១ និងករណីសង្ស័យចំនួន ១១ដែរ។
រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងវីរុសសរុបកើនឡើងដល់ ៨៣.២៩៣នាក់។ អ្នកស្លាប់មានចំនួន ៤.៦៣៤ដដែល។
ការរកឃើញជាង ២០ករណីនៅក្នុងទីក្រុងប៉េកាំង បណ្តាលឲ្យតួលេខសរុបនៅក្នុងក្រុងនេះកើតដល់ ១៥៨នាក់ ដែលជាការផ្ទុះដ៏ខ្លាំងបំផុតនៅក្នុងក្រុងចាប់តាំងពីខែកុម្ភៈមក។
សូមបញ្ជាក់ថា ចិនបានចាប់ផ្តើមរឹតបន្តឹងការដើរហើរក្នុងទីក្រុងប៉េកាំង ដោយមិនអនុញ្ញាតិឲ្យប្រជាជនចាកចេញពីក្រុងឡើយ និង បានធ្វើការលុបចោលជើងហោះហើរ និងបិទសាលារៀនដើម្បីការពារការរាតត្បាតរបស់វីរុសកូរ៉ូណា៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters