ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ការទិញរថយន្តយោធាទាំងនេះ គឺដើម្បីដឹកជញ្ជូនកងកម្លាំងយោធា និងកងកម្លាំងសមត្ថកិច្ច ដើម្បីជួយបម្រើប្រជាពលរដ្ឋ ពេលមានបញ្ហាអ្វីមួយកើតឡើង”។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃខ.ភ.ម មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តយោធាដែលត្រូវបានបញ្ជាទិញពីប្រទេសចិនទាំង២៩០គ្រឿង នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ
២០២០ នៅពហុកីឡាដ្ឋានអូឡាំពិច។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការចែកជូនរថយន្តយោធាទាំងនេះ ដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិដើម្បីយកទៅប្រើប្រាស់ក្នុងការបម្រើឱ្យអង្គភាព។ ឯកឧត្តម បន្តថា ថវិកាសម្រាប់ទិញរថយន្តយោធាទាំង ២៩០គ្រឿងនេះ គឺជាថវិកាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានពីសប្បុរសជននានា បន្ទាប់ពីសម្តេចអំពាវនាវឲ្យមានការជួយដល់កងទ័ព ។
ឯកឧត្តម មេបញ្ជាការកងទ័ពជើង គោក បានឲ្យដឹងថា គ្រាន់តែមួយឆ្នាំៗ សម្ព័ន្ធមេត្រីភាពជួយឧបត្ថម្ភតាមការអំពាវនាវរាប់លានដុល្លារ ដើម្បីជួយកាត់បន្ថយបន្ទុក របស់រាជរដ្ឋាភិបាល ក្នុងការជួយលើកតម្កើងដល់វិស័យការការពារជាតិ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ អត់បានប្រើប្រាស់ថវិការដ្ឋ ១រៀលទេ! គឺកើតចេញពីការកៀរគរក្រុមហ៊ុន និងសប្បុរសជនទាំងអស់។ ហើយសូមបញ្ជាក់ រឿងសម្តេចតេជោអំពាវនាវឲ្យជួយកងទ័ព មិនមែនគាត់ទើបតែធ្វើទេ គឺគាត់ធ្វើរាប់ឆ្នាំមកហើយ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការទិញរថយន្តយោធាទាំងនេះទៀតសោត គឺដើម្បីដឹកជញ្ជូនកងកម្លាំងយោធា និងកងកម្លាំងសមត្ថកិច្ច ដើម្បីជួយបម្រើប្រជាពលរដ្ឋ ពេលមានបញ្ហាអ្វីមួយកើតឡើង។
ឯកឧត្តម បានរំលឹកថា រថយន្តយោធា ក៏ធ្លាប់ត្រូវបានប្រើ ប្រាស់ដើម្បីដឹកជញ្ជូនពលរដ្ឋតាមព្រំដែនពីប្រទេសនានា និងពេលកម្ពុជាមានជម្លោះជាមួយថៃ ហើយបានច្រាន ចោលចំពោះការវិភាគបំភ្លៃពីអ្នកវិភាគមួយចំនួន ដែលលើកឡើងថា ការទិញរថយន្តយោធាពីចិន បានប្រើប្រាស់ថវិកាពីការប្រមូលបានពីសប្បុរសជន ក្នុងការបរិច្ចាគវិភាគទាន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ៕
ដោយ៖កូឡាប